ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា មកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន ១៧៤ ហើយមានស្ថានតំណាង ប្រចាំនៅបរទេសចំនួន៦៣ ។
ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៣០ មករានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា តាមការពិត កិច្ចប្រជុំលើប្រធានបទនានា ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ការងារការទូតសេដ្ឋកិច្ច ការរៀបចំធ្វើជាម្ចាស់ផ្ទះ ASEM-13 និងការពិភាក្សាជាក្រុមៗ ស្តីពីវិធានការ និងមធ្យោបាយដើម្បីបង្កើន ប្រសិទ្ធភាពក្នុងការអនុវត្ត ការងារធំៗទាំង៥របស់ក្រសួង បានចាប់ដំណើរការ អស់រយៈពេល ២ថ្ងៃរួចមកហើយ ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា នារសៀលថ្ងៃនេះ ថ្នាក់ដឹកនាំក្រសួង និងឯកអគ្គរាជទូត អគ្គកុងស៊ុលរបស់យើងទាំង ១៤៨នាក់ នឹងប្រជុំចង្អៀតដើម្បីពិភាក្សា លើបញ្ហាសំខាន់ៗពាក់ព័ន្ធ នឹងការងារការទូតរបស់យើង និងរកវិធីដោះស្រាយបញ្ហាលំបាក និងរសើបនានាដែលយើង ជួបប្រទះក្នុងឆ្នាំកន្លងមក។ លទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សាទាំងនេះ នឹងត្រូវបូកសរុបរាយការណ៍ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីនា ពិធីបិទសន្និបាតព្រឹកស្អែកនេះ ដើម្បីទទួលនូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេច ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខ ពិភពលោកនឹងបន្តវិវឌ្ឍនៅលើផ្លូវដ៏លំបាក ស្មុគស្មាញ ពិបាកប៉ាន់ស្មានបាន ក្នុងដំណើរទៅរករបបពហុប៉ូល។ ការប្រកួតប្រជែងរវាងមហាអំណាចធំៗ នឹងបន្តក្នុងលក្ខណៈស្វិតស្វាញ ជះឥទ្ធិពលដោយផ្ទាល់ និងមិនផ្ទាល់ដល់ដំណើរ និងកិច្ចការពិភពលោក ទាំងវិស័យនយោបាយ សេដ្ឋកិច្ច យោធា សន្តិសុខ និង បច្ចេកវិទ្យា។ ប្រព័ន្ធពហុភាគីនិយម នឹងបន្តទទួលសម្ពាធខ្លាំងក្លា ដោយសារតែការកើនឡើងនៃ ទំនោរឯកតោភាគីនិយម។ សង្រ្គាមពាណិជ្ជកម្ម និងការប្រកាន់នយោបាយគាំពារនិយម ក៏នឹងបង្កហានិភ័យច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុតំបន់ និងពិភពលោក។
ភាពតានតឹង និងភ្នក់ជំលោះនៅតំបន់មួយចំនួន នឹងបង្កអស្ថិរភាព និងភាពមិនប្រាកដប្រជា ទាំងសំរាប់តំបន់នោះផង ទាំងសំរាប់ពិភពលោកផងដែរ។ ការកើនឡើងនៃបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី នឹងបន្តទាមទារការរួមដៃ នៃសហគមន៍អន្តរជាតិទាំងមូល ដើម្បីរកដំណោះស្រាយសមស្រប ស៊ីជម្រៅ និងស្ថិតស្ថេរ។ ស្ថិតក្នុងបរិបទនេះហើយដែលថ្នាក់ដឹកនាំ មន្រ្តីការទូត មន្រ្តីយើងទាំងអស់ត្រូវពិចារណា ពិភាក្សា ផ្លាស់ប្តូរទស្សនៈ លើកគំនិតផ្តួចផ្តើម កសាងផែនការ និងចាត់ចែងការងារ ដើម្បីធ្វើឲ្យសំរេចនូវបេសកកម្ម ការពារផលប្រយោជន៍គោល និងលើកកិត្តិយស កិត្យានុភាពប្រទេសជាតិយើង។
ទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តនៅក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនោះ ពិតជាសមស្របបំផុតទៅនឹងការងារ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា«មកដល់ពេលនេះយើងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាង ប្រចាំនៅបរទេសចំនួន៦៣។ ឆ្នាំទៅមិញ យើងបានចាប់ផ្តើមស្តារ ទំនាក់ទំនងការទូត និងមិត្តភាពជាមួយប្រទេសនានា ដែលជាមិត្តចាស់របស់យើង មានសាធារណរដ្ឋឆែក ប៊ុលហ្គារី ហុងគ្រី រូម៉ានី ស៊ែប៊ី ។ យើងបានទិញអគាររៀបចំ ស្ថានទូតនៅទីក្រុងអង់ការ៉ា ចាប់ផ្តើមជួសជុលស្ថានទូត យើងនៅទីក្រុងសូហ្វីយ៉ា និងបែលក្រាដ បើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ និងកំពុងគិតគូរបើកស្ថានទូតថ្មី នៅប៊ូដាប៉េស្ត៍ផងដែរ» ។
លោកឧបនាយករដ្ឋមន្ត្រីបន្តទៀតថា «ពាក្យចាស់លោកពោលថា “ទូកធំ-ក្តោងធំ” ការបង្កើនមិត្តនៅខាងក្រៅ ក៏ទាមទារមធ្យោបាយកាន់តែច្រើន ទាំងធនធានមនុស្ស ទាំងថវិកា។ តែបរិមាណជារឿងមួយ។ គុណភាពជារឿងមួយទៀត ហើយសំខាន់ខ្លំាងណាស់។ រយៈពេលជិត៤ឆ្នាំនេះ យើងបានធ្វើការកែទំរង់ច្រើននៅក្នុងក្រសួង។ លក្ខខណ្ឌការងារសំរាប់មន្ត្រីត្រូវបាន កែលំអដោយមាន របបប្រាក់រង្វាន់សំរាប់មន្ត្រី និងបុគ្គលិកក្នុងក្រសួង ការតំឡើងប្រាក់ខែជូនមន្ត្រីការទូត នៅឯក្រៅប្រទេស ការបង្កើនកញ្ចប់ថវិកាចំណាយ ទូទៅសំរាប់ស្ថានតំណាងនៅបរទេសចំនួន ១០% ការកែលំអកន្លែងធ្វើការ ការបង្កើតវិទ្យាស្ថានដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលមន្ត្រីការទូត ។ល។ តែសំខាន់ជាងគេគឺ ការដាក់បញ្ចូលប្រព័ន្ធ គុណធិបតេយ្យក្នុងការជ្រើសរើស តែងតាំង តំឡើងឋានៈ តួនាទីមន្ត្រីរបស់យើង ដែលជាមធ្យោបាយតែមួយ គត់ដើម្បីធានាគុណភាព ប្រសិទ្ធិភាពការងារ និងសមធម៌នៅក្នុងក្រសួង។ ធ្វើយ៉ាងនេះក៏ដើម្បីធានាថា មន្ត្រីការទូតរបស់យើងជា អ្នកមានសមត្ថភាពពេញលេញ ជំនាញវិជ្ជាជីវៈខ្ពស់ វាងវៃ និងស្មោះត្រង់ក្នុងការការពារ ផលប្រយោជន៍គោលរបស់ជាតិ និងប្រជាជនយើង។ នេះជាគោលដៅ ជាមហិច្ឆតាតែមួយគត់របស់ខ្ញុំ។ ហើយនេះក៏ជាអ្វីដែលប្រទេសជាតិ និងប្រជាជនចង់បានពី អ្នកការទូតទាំងអស់គ្នាដែរ» ។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សមិទ្ធផលជាច្រើនដែលយើង សម្រេចបានជាបន្តបន្ទាប់មកនេះ ក៏ដោយសារមានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ សម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រមុខការទូត ដ៏ឆ្នើមរបស់កម្ពុជា និងការគាំទ្រ និងកិច្ចសហប្រត្តិបត្តិការល្អ ពីបណ្តាក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត និងដោយមិនខ្លាចនឿយហត់ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដើម្បីសម្រេចឲ្យបានជោគជ័យ នូវការដ្ឋានកំណែទំរង់ដ៏ធំរបស់យើង ៕ ដោយ៖ ខា ដា