នយោបាយ

សម្តេចតេជោ ៖ ការភ័យ របស់ពលរដ្ឋ មិនមែនវីរុសកូរ៉ូណា តែការពិត គឺភាពភ័យខ្លាច (វីដេអូ)

សម្តេចតេជោ ៖ ការភ័យ របស់ពលរដ្ឋ មិនមែនវីរុសកូរ៉ូណា តែការពិត គឺភាពភ័យខ្លាច

សម្តេចតេជោ ៖ ការភ័យ របស់ពលរដ្ឋ មិនមែនវីរុសកូរ៉ូណា តែការពិត គឺភាពភ័យខ្លាចhttps://www.dap-news.com/national/2020/01/30/29308/

Posted by Dap_News_Website on Thursday, January 30, 2020

ភ្នំពេញ ៖ នេះជាលើកដំបូងហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកថ្លែងសារ ជាសាធារណៈទៅកាន់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ក្រោយផ្ទុះជំងឺរលាក់សួតប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា ។ ក្នុងឱកាសដ៏កម្រនេះ សម្តេចបានបង្ហាញពីវិធី និងវិធានទប់ស្កាត់មួយ ចំនួនផងដែរ ។ ខណៈរដ្ឋមានការភ័យ បារម្ភជាខ្លាំង តែសម្តេចតេជោ ថ្លែងថា ជាក់ស្តែងការភ័យខ្លាច របស់ប្រជាពលរដ្ឋ មិនមែនជាជំងឺកូរ៉ូណានេះទេ តែជាជំងឺ នៃការភ័យខ្លាចច្រើនជាង។

បើតាមការផ្សព្វផ្សាយពីសារព័ត៌មាន របស់ចិនផ្ទាល់តែម្តង គិតមកដល់ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អ្នកស្លាប់បានកើនឡើងដល់១៧០នាក់ និងជាង៧៧០០នាក់ទៀតបានឆ្លង ។

ក្នុងឱកាសនៃការថ្លែងសារ ទៅកាន់ពលរដ្ឋនៅព្រឹកថ្ងៃ៣០ មករា សម្តេចតេជោ បានក៏បានអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន សួរសំណួរជាច្រើនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បច្ចុប្បន្នការភ័យខ្លាចរបស់ពលរដ្ឋ មិនមែនវីរុសកូរ៉ូណាទេ ។ ដោយសម្តេចបានដាស់តឿន ក៏ដូចជាក្រើនរំលឹកថា ដូច្នេះកុំឲ្យភាពភ័យខ្លាច នាំឲ្យខាត់បង់ការងារ ដោយមិនហ៊ានចេញទៅណា ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា “មិនគប្បីដាក់ខ្លួនឲ្យស្ថិតនៅក្រោមការភ័យខ្លាច ដោយការបំពុលព័ត៌មាន ហើយដែលគ្មានរឿងពិតកើតឡើង។ រឿងពិតកើតឡើង គឺយើងភ័យខ្លាចទេ អត់ទាន់មានស្លាប់ម្នាក់សោះ” ។

សម្តេចតេជោបន្តថា ចំពោះអ្នកបំពុលព័ត៌មាននេះ គឺបង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងពេលគាត់មិនយល់។

ដូចគ្នានេះដែរ សម្តេចបារម្ភចំពោះការភ័យខ្លាចហួសកំរិត របស់និស្សិតខ្មែរដែលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗនេះ អាចបង្កទៅជាការលំបាកវិញ ព្រោះនៅពេលត្រឡប់ទៅសិក្សាវិញ ខ្លាចខាងសាលាលែងទទួលយក ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “បើជម្លៀសនិស្សិតខ្មែរមកកាន់កម្ពុជា រឿងនេះវានឹងនាំទៅការបញ្ចប់ស្ថានភាពនៃការបញ្ជូននិស្សិតខ្មែរទៅរៀននៅសាធារណរដ្ឋប្រជាមានិតចិន ព្រោះចិនគេក៏មើលឥរិយាបថរបស់យើងដែរ។ រឿងអីពេលសុខស្រួលនៅជាមួយគ្នា ពេលលំបាករត់ចោលគ្នា។ ប្រជាជនចិន១៤០០នាក់ គេហ៊ាននៅនុង ហេតុអីបានយើងមិនហ៊ាននៅ”។

សម្តេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាលចិន លោក ស៊ី ជីងពីង គឺមានការយកចិត្តទុកដាក់ខ្ពស់ អំពីករណីនេះ ដោយមិនបណ្តោយឲ្យនិស្សិតបរទេស សិក្សានៅប្រទេសខ្លួន ជួបបញ្ហាលំបាកឡើយ ។

សម្តេចបញ្ជាក់បន្ថែមថា “រដ្ឋាភិបាលចិនមានការទទួលខុសត្រូវខ្ពស់ណាស់ ទៅលើប្រជាជនខ្លួនឯងផង និងទៅលើប្រទេសនានាផង។ ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចិន ទៅលើប្រជាជនខ្លួនឯងនៅត្រង់ថា ទីក្រុងវូហាន និងក្បែរក្រុងនេះ ត្រូវបានដាក់មិនឲ្យមានការហោះហើរ ចេញទៅចិនខ្លួន និងក្រៅក៏មិនឲ្យហោះ។ មិនត្រឹមតែបិទជើងហោះហើរទេ បិទរថភ្លើង និងបិទការធ្វើដំណើរអីទាំងអស់ ដើម្បីទប់ប្រជាជនវូហានកុំឲ្យទៅចម្លងកន្លែងផ្សេង” ។

សម្តេចបន្តថា បើសម្តេចជា លោកស៊ី ជីងពីង និងលោកលី ខឺជាំងវិញ បើអ្នកចេញមកពីចិន នឹងលែងទទួលឲ្យចូលវិញហើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើបិទការហោះហើរពីចិនមកកម្ពុជាទាំងមូលមែននោះ គឺ ជាការបិទសេដ្ឋកិច្ចកម្ពុជានិងផ្តាច់ទំនាក់ទំនងរវាងកម្ពុជា-ចិនផងដែរ ព្រោះចិនមានប្រជាជនជិត១៤០០លាននាក់ ខណៈខេត្តហឺប៊ីមានប្រជាជនប្រមាណជា១០លាននាក់។ប៉ុន្តែនាយករដ្ឋមន្រ្តីបញ្ជាក់យ៉ាងច្បាស់ថា អត់មានបញ្ឈប់ហោះហើរ អត់មានជម្លៀសនិស្សិត ទូត កុងស៊ុលខ្មែរនៅចិនមកវិញទេគឺត្រូវរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាមានបញ្ហា ។

ជាមួយគ្នានោះ សម្តេចនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនផងដែរដូចជា ៖ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ ប្រឆាំងព័ត៌មានក្លែងក្លាយ។ ពាក់ព័ន្ធព័ត៌មានក្លែងក្លាយនេះ សម្តេចថា នៅម៉ាឡេស៊ីវិញគឺអាជ្ញាធរបានចាប់ខ្លួនអ្នកព័ត៌មាន៣នាក់ដែលផ្សាយមិនពិត ប៉ុន្តែនៅកម្ពុជាមិនទាន់មានទេ។

ចំពោះប្រភពព័ត៌មានដែលយកជាការបានគឺសម្តេចតេជោឲ្យយកតាមក្រសួងសុខាភិបាល ដោយក្រសួងត្រូវ ចេញព័ត៌មានជាក់លាក់។ មិនត្រូវបិទស្ថាប័ននានា ដោយសារតែការភ័យខ្លាចទេ។ ត្រូវបញ្ជូនកូនមករៀនធម្មតា ដោយត្រូវរក្សាអនាម័យ នៅតាមសាលាឲ្យបានល្អបំផុត ។ ក្រសួងអប់រំ និងក្រសួងសុខាភិបាលរួមគ្នាផ្សព្វផ្សាយ អប់រំដោយផ្តល់ជំនឿទុកចិត្តលើអាណាព្យាបាល ដើម្បីឲ្យកូនមករៀន ។ ត្រូវពាក់ម៉ាស់ការពារនៅកន្លែងចាំបាច់ ។

ជាមួយគ្នានេះ សម្តេចតេជោបានផ្តាំផ្ញើទៅអ្នកលក់ម៉ាស់ថា កុំឆ្លៀតឱកាសតំឡើងថ្លៃកេងចំណេញ ខណៈសម្តេចឲ្យរោងចក្រកាត់ដេរ ផលិតម៉ាស់លក់ឲ្យរដ្ឋ ។

ទន្ទឹងនឹងនេះ សម្តេចថា ដំណើរការសេវាកម្មបើកជាធម្មតា ទាក់ទងព្រលានយន្ត កំពង់ផែ និងការដឹកជញ្ជូនផ្សេងៗ ដោយមិនអាចបិទច្រកណាបានទេ ។ ក្នុងនោះដែរ និស្សិត ទូត និងកុងស៊ុលខ្មែរបន្តនៅទីនោះ រួមសុខរួមទុក្ខជាមួយចិន ។

សម្តេចតេជោផ្ញើសារទៅអង្គការ យូរមែនរ៉ាយវ័ច ករណីលោក ហ្វៀល រ៉ូដិនស៊ុល មន្រ្តីជាន់ខ្ពស់នៃអង្គការអន្តរជាតិ មួយនេះដែលបានស្តីបន្ទោសរាជរដ្ឋាភិបាលកម្ពុជា បើកឲ្យមានការហោះហើរពីចិនមកកម្ពុជា ។ សម្តេចថា កុំបន្ទោសកម្ពុជាគួរបន្ទោសប្រទេសផ្សេងទៀត និងស្តីបន្ទោសរដ្ឋាភិបាលរបស់អ្នកឯងផង ទៅដែលឲ្យមានរោគសញ្ញាជំងឺ នៅក្នុងប្រទេសខ្លួន ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “សូមឲ្យអ្នកឯងនិយាយដូចគ្នានេះ ទៅកាន់ប្រទេសដទៃដែលមានករណីជំងឺនេះ បើអ្នកឯងមិននិយាយទេ បានសេចក្តីថា រឿងទាំងឡាយ តែអ្នកឯងរករឿងតែកម្ពុជាមួយ គត់” ។

ចំពោះការចំណាយថវិកា លើជំងឺប្រភេទថ្មីនេះ សម្តេចតេជោថ្លែងថា បើស្ថានភាពដើរដល់ចំណុចណា នឹងចំណាយដល់ចំណុចនោះ គឺមិនទុកឲ្យពលរដ្ឋទទួលខុសត្រូវខ្លួនឯងទេ ព្រោះសព្វថ្ងៃថវិកាក្រសួងសុខាភិបាល ចំណាយគ្រប់គ្រាន់ហើយ ៕

To Top