ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ មករានេះ បានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅ សាធារណរដ្ឋកូរ៉េ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ បន្ថែមពីនេះ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជន បរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េផងដែរ។
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម៕