ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ អាចសម្រេចបានក្នុងរង្វង់៦% ទោះបីត្រូវប្រឈមការលំបាក ហានិភ័យ ទាំងខាងក្នុង និងខាងក្រៅច្រើនជាងមុនក្តី ពិសេស ករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន។
ក្នុងវេទិកាសាធារណៈ ស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០២០ កាលពីថ្ងៃទី៣១ មករា លោក វង្សី វិស្សុត បានថ្លែងថា ក្នុងបរិការណ៍នៃការថមថយ កំណើនសេដ្ឋកិច្ចពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែមានភាពរឹងមាំក្នុងរង្វង់៧% ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ច នៅក្នុងរយៈពេល២ខែចុងឆ្នាំ មានការថមថយខ្លះ ពិសេសវិស័យ ទេសចរណ៍ និងសំណង់ក្តី។
លោក មានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងនៅតែអាចសម្រេចបានក្នុងរង្វង់ ៦% ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យ ទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា»។
លោកបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ច ប្រមាណ ៦,៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងច្បាប់ថវិកាឆ្នាំ២០២០ គឺបានរាប់បញ្ចូល ករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអឺរ៉ុបរួចហើយ ព្រោះថា វានឹងមកដល់គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។ ដូចនេះទោះបីសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ មួយផ្នែក ឬទាំងស្រុងក្តី ក៏សេដ្ឋកិច្ចកម្ពុជា មិនដួលរលំដែរ ព្រោះបានត្រៀមខ្លួនជាមុនរួចហើយ។
លោកបន្ថែមថា ម្យ៉ាងវិញទៀត ការដក EBA នេះ ប៉ះពាល់តែទៅលើ ការនាំចេញសម្លៀកបំពាក់ ទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ ខណៈដែលការ នាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត ពិសេសអាម៉េរិក មានការកើនឡើងយ៉ាងខ្លាំង។ទន្ទឹមនឹងនេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរ ក៏មានសន្ទុះកំណើនយ៉ាង ខ្លាំងផងដែរ ដោយសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានពិពិធកម្មច្រើនជាងមុន៕ ដោយ៖ អេង ប៊ូឆេង