ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីប្រកួតប្រជែង និយាយភាសា អង់គ្លេសលើកទី១៣ (The 13th English Speaking Contest Program) វគ្គផ្តាច់ព្រ័ត្រ នៅសាលា ប៊ែលធី អន្តរជាតិទី៩(ស្ទឹងមានជ័យ) ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា ។
លោក ចាន់ ទីតា ប្រធាននាយកដ្ឋាន ភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប បានឱ្យដឹងថា គោលបំណង នៃការប្រកួតប្រជែង និយាយភាសាអង់គ្លេស គឺ ធ្វើឱ្យសិស្សានុសិស្សស្ទាត់ជំនាញ ក្នុងការនិយាយ ចេះស្រាវជ្រាវ មានភាពក្លាហាន ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ព្រមទាំងអាចចូលរួមប្រកួតប្រជែង និយាយជាលក្ខណៈជាតិ និងអន្តរជាតិ ។
កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងដោយសិក្សារយៈពេល ៩ឆ្នាំគឺ ចាប់ពីកម្រិតដំបូង Pre-school 1 ដល់ Pre-school 6 និងពី Level 1 ដល់ Level 12។ ពេលបញ្ចប់ការសិក្សាសិស្សមានសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ។ ហើយនៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡង តេស្តអន្តរជាតិ (អាយអែល = IELTS) ដែលសាលា ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមប្រឹក្សាភាសាអង់គ្លេស (The British Council) ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ធ្វើយ៉ាងណាសម្រេចឱ្យបានតាមផែនការយុទ្ធសាស្ត្ររបស់ប៊ែលធីគឺ សិស្សត្រូវទទួលបានពិន្ទុ (អាយអែល = IELTS) ៥.០ឡើងទៅ និងឱ្យបានចាប់ពី ៨៥% ទៅ ៩០% ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់។
ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ បានថ្លែងកោតសរសើរ ចំពោះជយលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និង មានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាព ប្រកួតប្រជែង និងនិយាយបានយ៉ាងស្ទាត់ជំនាញ ក្នុងការប្រឡងនាថ្ងៃនេះ ។ លោកក៏បានថ្លែងអំណរគុណ ចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រ លើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមកទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលធ្វើឱ្យសាលាមានលទ្ធភាពពង្រីកទីតាំង និងពង្រឹងគុណភាពអប់រំ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធីគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌។
លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជយលាភី Level-3, Level-6, Level-9 និង Level-12 ចំនួន ១២នាក់ ផងដែរ ៕