ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីសម្ពោធរូបសំណាកហ្លួងព្រះស្តេចកន បញ្ចុះបឋមសិលាសាងសង់អគារ និងបិទវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក, បាត់ដំបង, ថ្ងៃទីសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ សូមអបអរសាទរចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋាន រថក្រោះ កងទ័ពជើងគោក សម្រេចទទួលបានលទ្ធផលល្អប្រសើរ ទាំងការរៀន សូត្រផ្នែកទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តនៅលើទីលាន ដោយពិតជាបានឆ្លើយ តបទៅនឹងគោលបំណង ក្នុងការលើកកម្ពស់សមត្ថភាពដល់យោធិន ឱ្យយល់ច្បាស់អំពីតួនាទី និងភារកិច្ចក្នុងការបញ្ជា, គ្រប់គ្រង និងប្រើប្រាស់រថក្រោះ រថពាសដែក ឱ្យបានត្រឹមត្រូវតាមលក្ខការណ៍ ក្នុងការប្រយុទ្ធ ក៏ដូចជាការងារបច្ចេកទេសថែទាំជួសជុលរថក្រោះ រថពាសដែកឱ្យបានល្អ ។
លោកបន្តថា បច្ចុប្បន្ន ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំកងទ័ពជើងគោក បាននិងកំពុងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនទ័ពជំនាញ ដែលជាអាទិភាពចាំបាច់បំផុត ដើម្បីពង្រឹងនិរន្តរភាពសមត្ថភាព ក្នុងការឆ្លើយតបក្នុងពេលចំពោះមុខ និងរយៈពេលវែង។ ការហ្វឹកហ្វឺនទ័ពជំនាញខុសពីការហ្វឹកហ្វឺនទ័ពថ្មើរជើង ដោយសារការហ្វឹកហ្វឺនទ័ពជំនាញត្រូវប្រើប្រាស់រយៈពេលវែង និងជំនាញបច្ចេកទេសខ្ពស់។ ជាផ្នែកមួយនៃការកែទម្រង់កងទ័ពរយៈពេលវែង របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការកំណត់យកចក្ខុវិស័យធ្វើយ៉ាងឱ្យកងយោធពលខេមរភូមិន្ទ ឈានទៅម្ចាស់ការលើការបណ្តុះបណ្តាល និងការផលិតសម្ភារបច្ចេកទេស ធុនស្រាល។
លោក ម៉ាណែត ថ្លែងថា ចំពោះកងទ័ពជើងគោក ក្នុងពេលចំពោះមុខនេះ ទោះយើងមិនទាន់មានថវិកាក្នុងការបំពាក់ ឬធ្វើទំនើបកម្ម ទ័ពជំនាញរបស់យើង ប៉ុន្តែកងទ័ពជើងគោកកំពុងពិនិត្យលទ្ធភាព និងរៀបចំផែនការដើម្បីពង្រឹងនិរន្តភាព ក្នុងការធានាចំនួនទ័ពជំនាញ តាមរយៈការបន្តហ្វឹកហ្វឺន ដោយដើរទន្ទឹមនឹងការជំរុញការថែទាំបច្ចេកទេសលើសម្ភារបច្ចេកទេសដែលយើងមានស្រាប់ ហើយទៅថ្ងៃមុខ យើងនឹងមានទំនើបកម្មជាជំហានៗ ដោយហេតុថា នៅក្នុងការកំណត់ ជោគជ័យ នៃប្រតិបត្តិការសឹក អ្វីដែលសំខាន់បំផុត គឺការហ្វឺកហ្វឺនកម្លាំង, ការថែទាំបច្ចេកទេស មូលដ្ឋានសម្ភារៈ និងការបំពាក់នូវឆន្ទៈមោះមុត។
លោកឧត្តមសេនីយ៍ សង្កត់ធ្ងន់ថា តទៅមុខ ចក្ខុវិស័យរយៈពេលវែងរបស់កងទ័ពជើងគោក គឺការកសាងមូលដ្ឋាននៃការបណ្តុះបណ្តាល ជាពិសេសនៅក្នុងទ័ពជំនាញ តាមរយៈការកសាងសាលាបណ្តុះបណ្តាលទ័ពជំនាញ ដែលតម្រូវឱ្យមានការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសមស្រប, យោធាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍, និងឯកសារមេរៀនដែលមានគុណភាព ដើម្បីធានានូវប្រសិទ្ធិភាព, ឯកភាព និងស្តង់ដារនៃកងយោធពលខេមរភូមិន្ទ។
លោក ម៉ាណែត បញ្ជាក់ឡើងវិញថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ នឹងបន្តចាក់គ្រឹះរឹងមាំយូរអង្វែងបន្តទៀត។ រាប់ចាប់តាំងពី១៩៥៣ មក ប្រវត្តិនៃកងយោធពលខេមរភូមិន្ទយើង មានការប្រែប្រួលច្រើន។ មូលដ្ឋានចម្បងនៃកងយោធពលខេមរភូមិន្ទយើងបច្ចុប្បន្ន កើតឡើងពីអ៊ំពូមីងយោធិនជំនាន់ឆ្នាំ ១៩៧៨ ហើយក្រោយមកមានការចូលរួមផងដែរពីកងទ័ពខ្មែរគ្រប់ភាគីទាំងអស់។ ដូច្នេះ បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ។ ក្នុងន័យនេះ មានតែការហ្វឹកហ្វឺនដែលមានប្រសិទ្ធិភាព និងត្រឹមត្រូវតែមួយគត់ ដែលអាចធានានូវនិរន្តភាពនៃសមត្ថភាពនៅក្នុងការប្រយុទ្ធ ក្នុងនោះគុណភាពនៃការហ្វឹកហ្វឺន និងការហ្វឹកហ្វឺនឱ្យចំជំនាញត្រឹមត្រូវ គឺជាអាទិភាពធំបំផុតដែលត្រូវផ្តោតការយកចិត្តទុកដាក់ ហើយចៀសវាងដាច់ខាតការធានាតែបរិមាណ តាមរយៈផែនការហ្វឹកហ្វឺនដែលគ្រាន់តែជារូបភាព ប៉ុន្តែខ្វះការពិនិត្យលើស្ថានភាពជាក់ស្តែងនៃគុណភាព ។ ការងារទាំងអស់នេះ ត្រូវការការចូលរួមពីអ៊ំពូមីយោធិនជំនាន់ទី១ ដើម្បីបណ្តុះបណ្តាលនាយទាហានជំនាន់ក្រោយៗ ឱ្យកាន់តែខ្លាំង ដើម្បីការពារជាតិ ហើយវាក៏ជាកិច្ចការ និងភារកិច្ចរួមរបស់យើងទាំងអស់គ្នា ដើម្បីឱ្យកងទ័ពជាតិមួយកាន់តែរឹងមាំ និងមានការបន្សល់ទុកនូវប្រព័ន្ធការងារមួយ ជាកេរតំណែលរបស់នាយទាហានជំនាន់មុន។
មិនតែប៉ុណ្ណោះ លោកសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាសប្បុរសជនជាច្រើន ចំពោះការលះបង់ជួយដល់កងទ័ព ដោយកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ក្នុងនាមជាស្ថាប័នចងសម្ព័ន្ធមេត្រីភាព រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ “ប្រជាជនដើម្បីការពារជាតិ ការពារជាតិដើម្បីប្រជាជន”៕