ភ្នំពេញ៖លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ រួសរាន់ ទៅបង់ថ្លៃសេវាសំរាម ចាប់ពីថ្ងៃទី១នេះតទៅ រហូតថ្ងៃទី១៥ ខែកុម្ភៈ សម្រាប់បង់ថ្លៃសេវា ខែមករា ដែលបានផុតរួចទៅហើយ ជាមួយប្រព័ន្ធអេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ដូចជាធនាគារ Acleda និងធនាគារឯកទេស Wing ឬភ្នាក់ងារវេលុយ មានE-money, Lyhour weiluy (លីហួរវេលុយ), Pi-pay, True-Money និង Dara-Pay ជាដើម ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវា ចាប់ពី៥០០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ លោក ហួត ហៃ លោកអភិបាលរង បានគូសបញ្ជាក់ថា “ថ្ងៃនេះជាថ្ងៃដំបូង ថ្ងៃចាប់ផ្តើមបង់ប្រព័ន្ធថ្មី ហេតុនេះហើយ ទើបខ្ញុំចង់ជម្រាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមរួសរាន់ ទៅបង់ថ្លៃសំរាម ព្រោះនេះជាកាតព្វកិច្ច ដែលបងប្អូនត្រូវតែបំពេញ ព្រោះនៅប្រទេសណា ក៏ប្រជាពលរដ្ឋ ត្រូវមាន កាតព្វកិច្ច បង់ថ្លៃសំរាមដែរ នេះជាការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ ហើយក៏សូមអំពាវនាវ ឲ្យបងប្អូនអញ្ជើញ ទៅបង់ថ្លៃសំរាម ចាប់ថ្ងៃនេះតទៅ រហូតថ្ងៃទី១៥ ខែកុម្ភៈ” ។
ជាមួយគ្នានេះ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា “បង់សេវាសំរាម មិនមែនជាការស្ម័គ្រចិត្តនោះទេ វាជាកាតព្វកិច្ច ពីព្រោះយើង ជាអ្នកផលិតសំរាម ត្រូវតែបង់លុយ មិនអាចគេចបានទេ ប៉ុន្តែក្នុងដំណាក់កាលអន្តរកាលនេះ គឺយើងអាចអនុញ្ញាតិ អោយបងប្អូនបង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ប្រសិនបើយឺតពេល គឺយើងកត់ចូលជាបំណុល ហើយម្តងនេះ យើងនឹងមានពេលវេលា ថាតើត្រូវពិន័យ និងត្រូវមានវិធានការ យ៉ាងណាបន្តទៀត ព្រោះយើងមានវិធានការ គ្រប់ជ្រុងជ្រោយទាំងអស់” ។
តាមការបញ្ជាក់ពី អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង់ថ្លៃសេវាសំរាមនេះ គឺត្រូវបានរក្សា តាមតម្លៃដើម ដោយមិនមានការឡើងថ្លៃនោះទេ ពោលគឺតម្លៃដែលធ្លាប់បង់ កាលពីខែតុលា ឆ្នាំ២០១៩ ដែលជាគោល សម្រាប់បងប្អូន ធ្លាប់បង់ប៉ុន្មាន គឺបង់ប៉ុណ្ណឹងដដែល។
គួររំលឹកថា លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន ធ្លាប់បានឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិច ១០លានថង់ ក្នុង១ថ្ងៃ ខណៈសំរាម នៅកម្ពុជា ជិត១ម៉ឺនតោន ក្នុង១ថ្ងៃ ហើយសំរាមកើនឡើង ជារៀងរាល់ឆ្នាំ ដែលភាគីពាក់ព័ន្ធ កំពុងដោះស្រាយ។ លោក នេត្រ ភក្រ្តា ធ្លាប់បានបញ្ជាក់ដែរថា ១ឆ្នាំៗ កម្ពុជាបង្កើតសំរាម ជាង៣លានតោន ហើយសំរាមទាំងអស់នោះ ៥១%ប៉ុណ្ណោះ ដែលត្រូវបានយកកប ទៅចាក់នៅទីលានចាក់សំរាម ក្រៅពីនោះ ត្រូវគេបោះចោល យ៉ាងអនាធិបតេយ្យ តាមដងផ្លូវ ក្នុងប្រភពទឹក ដុតចោលជាដើម ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ជាបណ្តោះអាសន្ន ប៉ុន្តែមិនមានសិទ្ធិ ក្នុងការប្រមូលថ្លៃសេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀតទេ ។
យោងតាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយអនុលោម តាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើត “រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុក លើការគ្រប់គ្រង ការផ្តល់សេវា ប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ៕ ដោយ៖ ដារាត់