ព័ត៌មានជាតិ

គណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវ បើបណ្តែតបណ្តោយ អោយកើតមានបាតុភាព បទល្មើស នៅក្នុងសាលារៀន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើឡើងថា ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយអោយកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហឹង្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យ បានឡើយ។

ថ្លែងក្នុង ពិធិបិទសន្និបាត ការងារអប់រំ ឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅការងារ ឆ្នាំសិក្សា ២០១៩-២០២០ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នៅ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកឃួង ស្រេង បានលៀកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូច មានការកើតឡើង នូវបាតុភាពល្មើស ដូចជា ករណីហឹង្សា លើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងករណី ហឹង្សាបណ្តាលឱ្យស្លាប់ សិស្សសាលាអន្តរទ្វីបអាមេរិកាំង ជាដើម ។ ដូច្នេះស្នើអោយប្រធានមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវចាត់តាំងអនុវត្ត គោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសាលារៀនទាំងរដ្ឋ និងឯកជនឡើងវិញ ដោយមិនត្រូវបណ្តែតបណ្តោយ ឱ្យកើតមានបាតុភាពអសកម្ម ឬ បញ្ហាក្មេងទំនើងក្នុងសាលារៀន កើតមានតទៅទៀតឡើយ។

លោកបន្តថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលអប់រំ មិនមែន ជាកន្លែងប្រព្រឹត្តបទល្មើស ឬ ប្រមូលផ្តុំប្រើប្រាស់ អំពើហឹង្សាណាមួយឡើយ ដូច្នេះប្រសិនបើមាន ករណីល្មើសកើតមានឡើង ក្នុងសាលារៀនណាមួយនោះ ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាផ្ទាល់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ និងចំពោះមុខឪពុកម្តាយ អាណាព្យាបាលសិស្ស។

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការសមស្របចំពោះបុគ្គល ឬអង្គភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។

គ្រប់អង្គភាព សាលារៀនរដ្ឋ និងឯកជន ដែលស្ថិតក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
ត្រូវតែបន្តផ្តល់សេវាអប់រំ ឱ្យបានល្អប្រសើរ ដោយត្រូវបន្តផ្តល់សេវាអប់រំជូនក្មួយៗសិស្សានុសិស្ស ប្រកបដោយគុណភាព, មនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌គ្រូបង្រៀន ដើម្បីឱ្យសក្តិសម ទៅនឹងការប្រសិទ្ធនាមថាជា “មាតាបិតាទីពីរ របស់សិស្ស”។

លោក អភិបាល បានណែនាំថា ត្រូវបន្តការខិតខំប្រមូលកុមារដល់ និងក្នុងវ័យសិក្សា បានចូលរៀនគ្រប់ៗ គ្នាប្រកបដោយសមធម៌បរិយាបន្ន មានគុណភាព និងទទួលបានការអប់រំពេញ លេញ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ត្រូវពង្រឹងការគ្រប់គ្រង និងជំរុញចលនាប្រឡងប្រណាំង តាមបណ្តាសាលារៀនទាំងអស់ ដើម្បីផ្តល់ការលើកទឹកចិត្តចំពោះ៖ នាយក-នាយិកាល្អមានស្នាដៃ, សាលារៀនតំរូ និងសាលារៀនដែលមានបរិស្ថានល្អស្អាត ។ ត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធទៅនឹង ការប្រយុទ្ធប្រឆាំងអំពើហឹង្សា, ការជួញដូរស្រ្តីកុមារ, លុបបំបាត់ការរើសអើងក្នុងសង្គម, ទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីបំផុសស្មារតីចូលរួម ទប់ស្កាត់ និងការគោរពច្បាប់ ក្នុងស្រទាប់សិស្ស និងយុវជន ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង។

ដោយឡែក ចំពោះសាលារៀនមួយចំនួន ដែលមានអគារចាស់ទ្រុឌទ្រោម ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាត្រូវចុះពិនិត្យដោះស្រាយ ឱ្យអស់លទ្ធភាព ចៀសវាងការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយ កើតមានឡើង។ក្នុងករណីចាំបាច់ ត្រូវលើកគម្រោង មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំជួសជុល ឬ សាងសង់អគារថ្មីឡើងវិញ។

លោកអភិពាលបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតដល់បណ្តាប្រទេសមួយចំនួន ជុំវិញពិភពលោក ក្នុងនោះសូមលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ក្មួយៗសិស្សានុសិស្ស កុំឱ្យមានការព្រួយបារម្ភ ឬ ភ័យខ្លាចខ្លាំងពេក ដោយត្រូវជឿជាក់ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អ្វីដែលយើងត្រូវយកចិត្តទុកដាក់និងអនុវត្តចំពោះមុខ គឺ (១) ត្រូវរួមគ្នាលុបបំបាត់ និងវាយបកភ្លាមៗចំពោះព័ត៌មានមិនពិត ឬ ព័ត៌មាន បំពុលសង្គម (Fake News) ដោយត្រូវជឿជាកំតែលើបណ្តាញសារព័ត៌មានរបស់រដ្ឋ, យន្តការអ្នកនាំពាក្យ របស់រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងអប់រំ និងក្រសួងសុខាភិបាល ទើបចាត់ទុកថាជាព័ត៌មានផ្លូវការ ។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា រយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកា នៃអង្គសន្និបាត បានពិភាក្សា និងសម្រេចជាវិធានការមួយចំនួន ក្នុងនោះរួមមាន ការប្រមូលកុមារចូលរៀនក្នុងវ័យមតេយ្យសិក្សា ។ ការគ្រប់គ្រងសាលារៀនស្អាតទូទាំងរាជធានីភ្នំពេញ ប្រសិទ្ធិភាព នៃការបង្រៀននិងរៀន។ ការពង្រឹងការគ្រប់គ្រង អាគារធនធាន និងសាលាបណ្ដាញក្របប្រកបដោយប្រសិទ្ធភាព ។ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកម្មវិធីអប់រំប្រព័ន្ធសម្រាប់គោលដៅអប់រំពេញមួយជីវិត ។ អភិវឌ្ឍយុវជនអោយមានកាយសម្បទាចំណេះដឹងចំណេះធ្វើសីលធម៏រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាពនិងសុខដុមរមនីយកម្ម ។លើកទឹកចិត្តអោយយុវជនមានគំនិតផ្ដួចផ្ដើម ច្នៃប្រឌិតបង្កើតថ្មីនិងស្មារតីសហគ្រិនភាព ។ពង្រឹងការអនុវត្តការវិភាគអប់រំកាយគ្រឹះស្ថានសិក្សានិងការបានសម្រេចទិសដៅឆ្ពោះទៅកីឡាអាស៊ីហ្គេមឆ្នាំ២០២៣៕

To Top