ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី៣ កុម្ភៈនេះ។
គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅកូរ៉េ នាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jaein)ប្រធានា ធិបតីកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់ រួម។
បន្ថែមពីនេះ សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួម ពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្រ្តីកូរ៉េ ផងដែរ។
ជាមួយគ្នានេះសម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេស មួយចំនួនទៀតដែលចូលរួមកិច្ចប្រជុំកំពូល ពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ។
ទន្ទឹងនឹងនេះសម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅនិងធ្វើការនៅកូរ៉េផងដែរ។
សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អប្រសើរ លើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម៕