ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជី នៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ក្នុងនោះ មានសមាគម ២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល ៣.៣១៦ ។
ក្នុងវេទិការលើកទី៣ ស្ដីពី ភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់ នានារបស់រដ្ឋ ដូចជាការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។
សម្ដេចមានប្រសាសន៍ថា “ដូច្នេះគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំ ឯកសារ និងចុះបញ្ជីចំនួន សរុប៥.៥៦៤ ក្នុងនោះសមាគមចំនួន២.២៤៨ និងអង្គការមិនមែន រដ្ឋាភិបាលចំនួន៣.៣១៦” ។
សម្ដេចបន្ដថា បន្ទាប់ពីច្បាប់ ស្តីពី សមាគម និងអង្គការមិនមែន រដ្ឋាភិបាលចូលជាធរ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកសរុប៩៦៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ ក្នុងនោះ សមាគមចំនួន៤៧១ និងអង្គការមិនមែន រដ្ឋាភិបាលចំនួន៤៩៥ ។
ដោយឡែក ក្នុងឆ្នាំ២០១៩នេះដែរ បើតាមសម្តេច ស ខេង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣៨ ត្រូវបានលុបឈ្មោះ ចេញតាមសំណើរបស់សាមី សមាគម និងអង្គការស្របតាមបទប្បញ្ញត្តិ នៃច្បាប់។
ទោះបីជាយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើត សមាគម និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុកថ្មីប្រចាំខែនីមួយៗមិនមានការថយចុះឡើយ ដែលជាមធ្យមក្នុងមួយ ខែមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួង ប្រហែលចំនួន២០ ៕ ដោយ អេង ប៊ូឆេង