ភ្នំពេញ ៖ បើតាមរបាយការណ៍ ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា បង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្នុងរយៈពេលមួយឆ្នាំ២០១៩ ការនាំចេញសរុបមានចំនួន៤,៨៧លានតោន ។
ក្នុងនោះ ការនាំចេញអង្ករផ្លូវការ ៖ ៦២០ ១០៦ តោន (-០,៩%) ទៅកាន់៥៩ប្រទេស ៖ ចិន , អឺរ៉ុប , អាស៊ាន ១៣,៤១% និងប្រទេសផ្សេងទៀត ១៣,៨៤% ។ ចំពោះក្រុមហ៊ុនវិញ ៨៩ ក្រុមហ៊ុននាំចេញអង្ករ ។ ស្រូវនាំចេញក្រៅផ្លូវការចំនួន ២,១៥លានតោន ទៅវៀតណាម ។
ជាមួយគ្នានេះ ក្រសួងក៏បានលើកឡើងពីកត្តាប្រឈមខ្លះៗដែរ ដូចជា កសិកម្មពឹងផ្អែកខ្លាំងលើកត្តាអាកាសធាតុ (ជំនន់ និងរាំងស្ងួត ព្រមទាំងការបំផ្លាញដោយជំងឺ សត្វល្អិត) ។ កសិករនៅជួបបញ្ហាផលិតភាព គុណភាពទាប និងពិបាកក្នុងការប្រកួតប្រជែង ជាមួយផលិតផលកសិកម្មពីបរទេស , ថ្លៃដើមផលិតខ្ពស់ រួមទាំងកង្វះពលកម្ម កសិកម្មនៅមូលដ្ឋានផលិត , ខ្វះខាតដើមទុនក្នុងការផលិតជាទ្រង់ទ្រាយធំ ឬកសិដ្ឋានធំ , វិនិយោគឯកជនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្មកែច្នៃផលិតផល កសិកម្មនៅតិចតួច ដោយសារបញ្ហា រាំងស្ទះដល់ការប្រកួតប្រជែង , មិនទាន់មានសួនកែច្នៃកសិ-ឧស្សាហកម្ម (Agro-Processing Parks) ដែលជាទីកន្លែងប្រមូលទិញកសិផលសម្រាប់កែច្នៃនាំចេញ , ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ កសិកម្មនៅមិនទាន់គ្រប់គ្រាន់ និងបញ្ហាមួយចំនួនទៀត ។
ចំពោះកាលានុវត្តភាព វិស័យកសិកម្មកម្ពុជា គឺមានលទ្ធភាពពង្រីកទីផ្សារ ខាងក្រៅមានច្រើន (ទីផ្សារចិន អាស៊ាន កូរ៉េ ជប៉ុន អឺរ៉ុប អាមេរិក រុស្សី) , សន្ទុះនៃការវិនិយោគឯកជន (ពិសេសពីប្រទេសចិន និងអាស៊ាន) , ការកើនឡើងនៃការស្តារ និងកសាងហេដ្ឋារចនា សម្ព័ន្ធគាំទ្រដល់កសិកម្ម (ផ្លូវ ទឹក ភ្លើង ដឹកជញ្ជូន ផែ ជាដើម ៕