ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍កម្ពុជា បានថ្លែងអះអាង ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុននេះបន្តិចថា ស្ថានភាពចេញដំណើរ របស់ភ្ញៀវទេសចរចិន ចេញពីកម្ពុជា ទៅលេងនៅវៀតណាម រងការរឹតត្បិត ដោយសារតែមានការគំរាមកំហែង ពីមេរោគកូរ៉ូណា ក្នុងលក្ខខណ្ឌ ដែលអ្នកទាំងនោះស្ថិតនៅ ប្រទេសកម្ពុជា ក្រោមរយៈពេល១៤ថ្ងៃ។
សេចក្តីរាយការណ៍ បានឱ្យដឹងថា មានភ្ញៀវទេសចរ ចិន២នាក់ បានធ្វើដំណើរចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកអន្តរជាតិ ត្រពាំងផ្លុង នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ តែត្រូវភាគីវៀតណាម ស្នើឱ្យត្រឡប់មកកាន់ ប្រទេសកម្ពុជាវិញ។
ពាក់ព័ន្ធនឹងករណីនេះ លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា “ប្រទេសវៀតណាម បានបិទជើងហោះហើរ ជាមួយប្រទេសចិន តាំងពីថ្ងៃ៣០ ខែមករា មកម្ល៉េះ រីច្រកផ្លូវគោកជាមួយវៀតណាម តាមកុងស៊ុង ដែលខ្ញុំបានសាកសួរ បិទតាំងពីថ្ងៃ ទី១ ។ ប៉ុន្តែថ្ងៃនេះ ទើបចាប់អនុវត្តពីថ្ងៃហ្នឹង គេមិនមែនបិទទេ ប៉ុន្តែគេថា អ្នកដែលមកពីចិន ក្នុងរយៈពេលក្រោម១៤ថ្ងៃ គេអត់ឱ្យចូលទេ។”
តែយ៉ាងណាក៏ដោយ លោកអគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ជាទូទៅគឺមានស្ថានភាពល្អប្រសើរ លើកលែងករណីក្រោមរយៈពេល១៤ថ្ងៃតែប៉ុណ្ណោះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមបាននៅឡើយទេ។
ស្ថានភាពជំងឺកូរ៉ូណា ត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យពលរដ្ឋចិន ប្រមាណជាង៣០០នាក់ស្លាប់បាត់ជីវិត និងជាច្រើនពាន់នាក់ផ្សេងទៀត បានឆ្លង។