ភ្នំពេញ : ភូមិផ្កាត្រកួន ត្រូវបានសាងសង់ឡើង ក្នុងគំនិតច្នៃប្រឌិត របស់ស្ថាប្បនិក និងសហគ្រិនខ្មែរ សំរាប់ជាកេរ៌្តដំណែល និងរក្សានូវរចនាបទផ្ទះខ្មែរ ជាមួយយុគសម័យទំនើប សំរាប់ប្រជាពលរដ្ឋខ្មែរ សម្រាកលំហែកាយជាមួយនិងទេសភាព ធម្មជាតិ បរិកាសល្អ។
ថ្លែងក្នុងពិធីសម្ពោធ នាយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឌិន សុមេធារិទ្ធ ម្ចាស់រមណីយដ្ឋានភូមិផ្កាត្រកួន បានឲ្យដឹងថា ភូមិផ្កាត្រកួន មិនត្រឹមតែជាកន្លែង សម្រាប់ទស្សនាមួយពេលៗនោះទេ លោកអ្នកអាចស្នាក់នៅទីកន្លែងនោះ ជាមួយផ្ទះរចនាបទខ្មែរ ជាមួយសម័យទំនើប និងភាពស្រស់បំព្រងល្អគាប់ភ្នែកនៃផ្កាត្រកួន ដែលរីកស្គុះស្គាយនៅតាមវាលស្រែ ម្យ៉ាងវិញទៀត ទីតាំងនេះក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងទីប្រជុំជននានាប៉ុន្មានដែរ ដែលអាចឲ្យភ្ញៀវទេសចរ ធ្វើដំណើរទៅលេងកម្សាន្ត បានឆាប់រហ័ស ជាងកន្លែងផ្សេងទៀត។
លោកបានបញ្ជាក់ថា ជាចក្ខុវិស័យទៅរបស់លោក គឺការដាំដើមឈើ និងផ្កាចម្រុះពូជគ្រប់ប្រភេទ នៅក្នុងរមណីយដ្ឋានភូមិផ្កាត្រកួនរបស់លោក ដើម្បីរួមចំណែកការពារបរិស្ថាន អប់រំមនុស្សជំនាន់ក្រោយ ឲ្យស្គាល់ពីប្រភេទឈើទាំងនោះ ពិសេសដើម្បីបំផុសស្មារតីស្រលាញ់ធម្មជាតិ ការពារព្រៃឈើ និងបង្កើនការដាំដើមឈើឡើងវិញផងដែរ។
ភូមិផ្កាត្រកួន មានផ្ទៃដីចំនួនសរុបប្រមាណជា ១០០ហិចតា ដែល៤០ហិចតាត្រូវបានលក់អស់ និង៦០ហិចតាទៀត កំពុងអនុវត្តគម្រោងបន្ត ដើម្បីបំពេញនូវតម្រូវការ របស់ប្រជាពលរដ្ឋ ដែលមានក្ដីស្រមៃ នៃការរស់នៅបែបជាលក្ខណៈធម្មជាតិ មានទីធ្លាធំទូលាយ អាចដាំដុះដំណាំផ្សេងៗ តាមតម្រូវការបាន។
លើសពីនេះទៅទៀតភូមផ្កាត្រកួន ក៏មានកន្លែងកំសាន្តសម្រាប់ជាក្រុម និងជាគ្រួសារដូចជា សួនកុមារ, សួនវង្វេង, អាងហែលទឹក, សួនបន្លែធម្មជាតិ, ទីលានបាល់ទាត់, កន្លែងប្រជុំ, កន្លែងបោះតង់, កន្លែងសមាធិ, កន្លែងជិះទូកកាយះកំសាន្ត, អាហារដ្ឋានដែលរសជាតិអាហារឆ្ងាញ់,និងមានកន្លែង សម្រាប់ពិធីជប់លៀងផងដែរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរដល់គំនិតបង្កើត នូវបុរីលំហែទាន់សម័យ បែបធម្មជាតិរបស់ភូមិផ្កាត្រកួន ដែលវាជាចំណែកមួយ សម្រាប់បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋមួយចំនួន ដែលចង់រស់នៅបែបធម្មជាតិ ស្របយកខ្យល់អាកាសធម្មជាតិ៕