ភ្នំពេញ ៖ ឆ្លើយតប នឹងមតិលើកឡើងមួយចំនួន ដែលបានឌឺដង មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជំរុញឲ្យសម្តេច ទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺ រលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាល ចិនអនុញ្ញាត ។
សម្តេចតេជោ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតខ្មែរនៅកូរ៉េនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា “មានអ្នកឌឺឲ្យខ្ញុំរឿងពាក់ម៉ាស់ ឲ្យខ្ញុំទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅវូហាន ។ ខ្ញុំនឹងទៅប្រសិនចិនអនុញ្ញាត ។ ហែងកុំឌឺជាមួយហ៊ុន សែន ។ ហ៊ុន សែន ហ៊ានប្រយុទ្ធជាមួយសង្គ្រាម និង យកជីវិតជាដើមទុន រឿងអីហ៊ុន សែន មិនហ៊ានទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន។ ឲ្យតែរដ្ឋាភិបាលចិនអូខេ ធ្វើពួកហ្នឹងវាដឹងហ៊ុន សែន ម្តង ។ ខ្ញុំសម្រេចចិត្តមិនបញ្ចប់ជើងហោះហើរជាមួយចិនទេ”៕