ព័ត៌មានជាតិ

ទូតអាមេរិកប្រាប់ប្រធានរដ្ឋសភាថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ

ភ្នំពេញ៖លោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក បានបញ្ជាក់ជម្រាបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់លោក នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់សម្ដេច ហេង សំរិន។

ក្នុងឱកាសចូលជួបសម្តែងការ ជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ប៉ាទ្រីក មើហ្វី បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដោយជាសារស្ថាប័នកំពូលនេះ ជាតំណាងឱ្យប្រជាពលរដ្ឋ។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា កម្ពុជានិងសហរដ្ឋអាមេរិក មានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែង អំពីលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។

លោកប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថា កម្ពុជានិងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើ ជាមួយគ្នារួចមកហើយ។នៅឆ្នា២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាព នៅក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។

សម្តេច ហេង សំរិន បានស្វាគមន៍ និងអបអរសាទរ ចំពោះលោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

សម្តេចបានលើកឡើងថា បេសកកម្មការទូតរបស់ លោក ប៉ាទ្រីក មើហ្វី ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និង លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរចំពោះ វឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់មកនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង។

រដ្ឋសភាកម្ពុជា សូមអបអរសាទរ ចំពោះការផ្លាស់ប្តូរសារលិខិត ដ៏មានតម្លៃនិងមានអត្ថន័យដ៏ជ្រាលជ្រៅ រវាងលោកប្រធានាធិបតីអាមេរិក និងសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ៕

To Top