ព័ត៌មានជាតិ

ជំនួសមុខឲ្យលោក កឹម សុខា មេធាវីបន្តអះអាងថា កូនក្តីខ្លួន មិនមានចេតនា និងមិនធ្វើបដិវត្តន៍ពណ៌

ភ្នំពេញ ៖ ក្រោយដំណើរការ លើការជំនុំជម្រះ ក្នុងសំណុំរឿងក្បត់ជាតិ អស់៣សប្តាហ៍កន្លងមក ក្នុងនាមលោក កឹម សុខា លោក ចាន់ ចេន ដែលជាមេធាវីម្នាក់ ក្នុងចំណោមមេធាវី៣រូបផ្សេងទៀត បានបន្តអះអាងថា លោក កឹម សុខា មិនមានចេតនា និងមិនធ្វើបដិវត្តន៍ពណ៍ រដ្ឋប្រហារ ឬអំពើហិង្សាណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីសុខ និង សន្តិភាពកម្ពុជាឡើយ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចាន់ ចេន បានលើកឡើងថា “ឯកឧត្តម កឹម សុខា មិនមានចេតនា និងមិនធ្វើបដិវត្តន៍ពណ៍ រដ្ឋប្រហារ ឬអំពើហិង្សាណា ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីសុខ សន្តិភាព អធិបតេយ្យភាព បូរភាពទឹកដី និងការអភិវឌ្ឍន៍ របស់ប្រទេសជាតិឡើយ ទាំងអតីតកាល បច្ចុប្បន្នកាល និងអនាគត” ។

លោកថា តែផ្ទុយទៅវិញ លោក កឹម សុខា តែងតែឈរលើគោលការណ៍ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ គោរពឆន្ទៈប្រជាពលរដ្ឋ ផ្សះផ្សារជាតិ ជាពិសេសរាល់សកម្មភាពរបស់គាត់ គឺធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីផ្លាស់ប្ដូរជាវិជ្ជមាន ស្របតាមឆន្ទៈពលរដ្ឋខ្មែរ។

លោកមេធាវីបន្តថា លោក កឹម សុខា មិនយកខ្មែរណាម្នាក់ធ្វើជាសត្រូវ មិនគុំគួន មិនសងសឹក ពោលគឺចង់ឲ្យខ្មែររួមរស់ជាមួយគ្នាដោយសុខដុមរមនា ក្រោមដំបូលកម្ពុជាតែមួយ ៕

To Top