ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពិភពលោកថា ការកសាង និងថែរក្សាសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃ ហើយក៏ជាមូលដ្ឋានគ្រឹះ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ ផ្អែកទៅលើបទពិសោធន៍ និងក្នុងនាម ជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វះស្វែង រកសន្តិភាព ជូនប្រទេសតូចមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ពិភពលោកថា ការកសាង និងថែរក្សាសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងជាការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិផងដែរ ។

ក្នុងមហាសន្និបាត នៃកិច្ចប្រជុំកំពូលពិភពលោក គម្រប់ខួប១០០ឆ្នាំ និងកិច្ចប្រជុំកំពូលអន្តរជាតិ នៃក្រុមប្រឹក្សាសម្រាប់សន្តិភាព នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលពិភពលោកនេះ ជាវេទិកាដ៏សំខាន់ បង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំមក ពីគ្រប់មជ្ឈដ្ឋានទាំងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ធ្វើការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈ លើការអភិវឌ្ឍស្ថានភាពតំបន់ និង សកលដើម្បីចូលរួមចំណែករកវិធីដោះស្រាយបញ្ហា ប្រឈមរួមសំដៅរក្សាសន្តិភាព សន្តិសុខ និងចីរភាព នៃការអភិវឌ្ឍន៍មនុស្សជាតិ សម្រាប់ពិភពលោក ។

សម្តេចតេជោបន្តថា តាមរយៈប្រធានបទ នៃវេទិកានេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ស្របពេល ដែលប្រជាជាតិទាំងអស់ក្នុងពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន ដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខដុមរមនា របស់ប្រជាជនក្នុងសកលលោក ។ សម្ដេចថា សន្តិភាពគឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ន នៅមានភាពផុយស្រួយ ដោយសារការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាព នៃអំណាចសកល។

សម្ដេចតេជោបន្ថែមថា សម្រាប់កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន យល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះអ្វីគ្រប់យ៉ាងដែលកម្ពុជា សម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព ហើយការបន្តរក្សាបានសន្តិភាព គឺមិនអាចកាត់ផ្ដាច់ បានពីការផ្ដល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូបនូវផ្លែផ្កា នៃការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាអភិវឌ្ឍន៍ធនធានមនុស្សឲ្យក្លាយទៅជា ធនធានដែលមានសក្តានុពល មិនចេះរីងស្ងួត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងទាំងនេះ និងក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំប្រទេសកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់ និងបានខិតខំប្រឹងប្រែង ស្វះស្វែងរកសន្តិភាព ជូនប្រទេសតូចមួយនេះ ខ្ញុំសូមប្រាប់ពិភពលោកថា ការកសាង និងថែរក្សាន្តិភាព គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងជាការពង្រឹងសន្តិសុខ និងការអភិវឌ្ឍមនុស្សជាតិ» ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវទស្សនៈមួយចំនួន ដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សដូចខាងក្រោម៖

១.បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើបទបញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និង ស្ថេរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយ បញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍ នៃច្បាប់អន្តរជាតិ។

២.ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួន នូវគោលការណ៍មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ព្រោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាស និងមហន្តរាយដល់ការអភិវឌ្ឍ។

៣.ពង្រឹងកិច្ចសហប្រតិបត្តិការ បន្តជំរុញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការ រក្សាបាននូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ ជំរុញរបៀបវារៈនៃការអភិវឌ្ឍ របស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពនិងបរិយាប័ន្ន។

៤.ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ចការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខមាលភាពសង្គម ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឲ្យមានការពិភាក្សាគ្នា យ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោក កំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលបំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកបដោយថាមពលស្ដីពី សារៈសំខាន់នៃក្របខណ្ឌពហុភាគី ក្នុងការដោះស្រាយបញ្ហា និងការប្រឈមរបស់ពិភពលោក ៕

ដោយ៖ ខា ដា

To Top