ព័ត៌មានជាតិ

ក្រសួងរកឃើញ ការបើកប្រាក់បៀវត្ស លើសជាង៧ពាន់លានរៀល នៅឆ្នាំ២០១៩

ភ្នំពេញ ៖ តាមរបាយការណ៍របស់ លោក អុល រ៉ូ អគ្គនាយក នៃនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងមុខងារសាធារណៈ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ពេលចុះធ្វើអធិការកិច្ច ក្រសួងបានរកឃើញ ករណីបើកបៀវត្សលើសចំនួន ៧,១៩៨,១៣៥,៥១៤រៀល ប៉ុន្តែប្រាក់ទាំងនេះ ត្រូវបានបង្វែរចូលទៅក្នុងរតនាគារវិញ ។

របាយការណ៍នេះ បង្ហាញក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាមរបាយការណ៍ដដែល ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ថវិកា លើកទឹកចិត្តចំនួន ៣.១៦០.០០០.០០០លានរៀល (បីពាន់មួយរយហុកសិបលានរៀល) ដល់អង្គភាពដល់សេវាសាធារណៈគំរូ ទៅតាមចំណាត់ថ្នាក់ គឺទី១- ចំនួន២០០លានរៀល , ទី២ -១៥០ លានរៀល , ទី៣១០០ លានរៀល , ទី៤-៨០លានរៀល , ទី៥- ៦០ លានរៀល និងទី៦ដល់ទី១០ចំនួន ៤០លានរៀល ។ បន្ទាប់ពីបានត្រួតពិនិត្យនិងវាយតម្លៃ និងបានចុះទៅដល់ទីតាំង អង្គភាពជ័យលាភីរួចមក គណៈកម្មាធិការវាយតម្លៃ អង្គភាពសេវាសាធារណៈថ្នាក់ជាតិ បានជ្រើសរើសអង្គភាពគំរូ ក្នុងវិស័យអប់រំចំនួន១០ និងវិស័យសុខាភិបាលចំនួន៣០អង្គភាព។ ទាំងនេះបង្ហាញថា ជាអង្គភាពគំរូ ដែលបានផ្ដល់សេវាសាធារណៈ បានយ៉ាងល្អដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ។

តាមរបាយការណ៍បន្តទៀត មកដល់ពេលនេះ ក្រសួងបានគ្រប់គ្រងមន្ត្រីរាជការ តាមប្រព័ន្ធព័ត៌មានវិទ្យាសរុប ២១៨,៤៨២នាក់ (ស្ត្រី ៨៨,៧០៣នាក់) ស្នើនឹង ៤០.៦១% ក្នុងនោះថ្នាក់ជាតិចំនួន ៤៥,៥៩៩នាក់ (ស្ត្រី ១២,៩៨១នាក់) និងថ្នាក់ក្រោមជាតិចំនួន ១៧២,៨៨៣នាក់ (ស្ត្រី ៧៥,៧៤៩នាក់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បានបង្ហាញសមិទ្ធផលការងារខ្លះ ដែលបានប្រឹងប្រែងធ្វើនៅឆ្នាំ២០១៩ រួមមាន ៖ កសាង និងដាក់ឲ្យអនុវត្ត លិខិតបទដ្ឋានពាក់ព័ន្ធមន្ត្រី ដូចជាការដំឡើងប្រាក់ របបសន្តិសុខសង្គម ការបើកផ្តល់បៀវត្សរៀងរាល់២សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ ចាប់ពីដើមខែមករា ឆ្នាំ២០១៩ ។

រៀបចំដំឡើងបៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងវិស័យតុលាការ មន្ត្រីអនុរក្សពន្ធនាគារ សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ សមាជិកភូមិ និងមន្ត្រីជាប់កិច្ចសន្យា ជាពិសេសការបង្កើនតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងដំឡើងប្រាក់បំណាច់មុខងារ និងចំណុចមួយចំនួនទៀត៕ ដោយ៖ ព្រឿង វិសាល

To Top