ព័ត៌មានជាតិ

សម្តេចតេជោ រាយការណ៍ ទៅថ្នាក់ដឹកនាំចិន រួចរាល់ហើយ ថានឹងទៅក្រុង វូហាន នៅថ្ងៃស្អែក (មានវីដេអូ)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានរាយការណ៍ ជូនថ្នាក់ដឹកនាំចិន រួចហើយថា សម្តេចនឹងអញ្ជើញ ទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរ នៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លង រឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស ។

នេះបើតាមការប្រកាស របស់សម្តេចតេជោ ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល មុនពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃ៤ កុម្ភៈ ។

ការប្រកាស ភាពអង់អាចក្លាហាន របស់សម្តេចតេជោនេះ បន្ទាប់ពីមានបុគ្គលទុច្ចរិតមួយចំនួន បានដាក់ផ្លែផ្កាឌឺដងមកកាន់សម្តេចថា ឲ្យទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន ។

ទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺ រលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា។

គិតមកត្រឹមថ្ងៃ៤ កុម្ភៈ ជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្ស៤២៥ នាក់ និងមានអ្នកឆ្លងចំនួន ២០ ៤២៨ នាក់។

សម្តេចតេជោក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅកូរ៉េ នៅថ្ងៃទី៣ កុម្ភៈ សម្តេចបានផ្តាំផ្ញើថា កុំមកឌឺជាមួយហ៊ុន សែន “គឺអញនឹងទៅ” ។ សម្តេចបន្តថា “មានអ្នកឌឺឲ្យខ្ញុំរឿងពាក់ម៉ាស់ ឲ្យខ្ញុំទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅវូហាន ។ ខ្ញុំនឹងទៅប្រសិនរដ្ឋាភិបាលចិនអនុញ្ញាត ។ ហែងកុំឌឺជាមួយហ៊ុន សែន ។ ហ៊ុន សែន ហ៊ានប្រយុទ្ធជាមួយសង្គ្រាម និងយកជីវិតជាដើមទុន រឿងអីហ៊ុន សែន មិនហ៊ានទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន។ ឲ្យតែរដ្ឋាភិបាលចិនអូខេ ធ្វើពួកហ្នឹងវាដឹងហ៊ុន សែន ម្តង។ ខ្ញុំសម្រេចចិត្តមិនបញ្ចប់ជើងហោះហើរជាមួយចិនទេ” ។

ក្នុងជំនួបរវាង លោកស្រី ហាក់ ចា ហានមូន សម្តេចតេជោ មានប្រសាសន៍ទៀតថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុ និងការផ្ទុះឡើងនៃជំងឺប្រភេទថ្មី កូរ៉ណាវីរ៉ុស មិនមែនតែជាកង្វល់របស់ចិនទេ តែជាកង្វល់របស់ទាំងអស់គ្នា ពោលត្រូវរួមគ្នារិះរកវិធីសាស្រ្តក្នុងការដោះស្រាយ និងមិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្សជាតិនោះទេ។

ក្នុងកិច្ចសន្ទនាគ្នានោះ លោកស្រី ហាក់ ចា ហានមូន បានវាយតម្លៃខ្ពស់ និងកោតសរសើរសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសេអ៊ូល ស្របពេល នៃការផ្ទុះមានឡើងនៃជំងឺប្រភេទថ្មី កូរ៉ូណាវីរ៉ុស ។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា សម្តេចមិនបានចាត់ទុក ការផ្ទុះនៃជំងឺប្រភេទថ្មី ជាឧបសគ្គ សម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេច មានឆន្ទៈពិតប្រាកដ ជាមួយមេដឹកនាំពិភពលោក ក្នុងការរួមគ្នាដោះស្រាយលើបញ្ហា ដែលកើតមានឡើង ចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមដទៃទៀត ដែលពិភពលោកកំពុងប្រឈម និងរួមគ្នាដោះស្រាយ ៕

To Top