ព័ត៌មានជាតិ

និស្សិតខ្មែរម្នាក់ កំពុងស្ថិតនៅក្រុងវូហាន ផ្តាំកុំឲ្យសម្តេចតេជោទៅក្រុងនេះ

ភ្នំពេញ ៖ “ជឿកូន លោកពុកកុំទាន់អញ្ជើញ មកសួរសុខទុក្ខខ្ញុំអី ក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង ។ លោកពុកអញ្ជើញធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញចុះ ???។ សូមគោរពជូនពរលោកពុក ធ្វើដំណើរត្រឡប់ទៅផ្ទះយើងវិញ ប្រកបដោយសុខសុវត្ថិភាព?”។ នេះជាសំណេររបស់និស្សិតខ្មែរម្នាក់ ដែលមានអខោនហ្វេសប៊ុក ប៉ែន បារាំង។

និស្សិត ប៉ែន បារាំងដែលកំពុងសិក្សា នៅក្រុងវូហាន បានលើកឡើងក្នុងហ្វេសប៊ុកបែបនេះ នៅប្រមាណជា១ម៉ោងមុន ក្រោយពីពេលសម្តេចតេជោ បានប្រកាសថា នឹងទៅទីក្រុងវូហាន នៅថ្ងៃ៥ កុម្ភៈ ស្អែកនេះ ក្រោយបញ្ចប់កិច្ចប្រជុំ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែសម្តេចកំពុងរង់ចាំការសម្រេច និងបញ្ជាក់ជំហរចុងពីភាគីចិន ក្នុងការអនុញ្ញាតឲ្យទៅ ឬមិនទៅ ព្រោះក្រុងបានដាក់ ស្ថិតក្រោមការប្រកាសអាសន្នហើយ។

គិតមកត្រឹមថ្ងៃ៤ កុម្ភៈ ជំងឺប្រភេទថ្មីនេះ បានសម្លាប់មនុស្ស៤២៥ នាក់ និងមានអ្នកឆ្លងចំនួន ២០ ៤២៨ នាក់។

បើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃ៤ កុម្ភៈ ដោយផ្អែកតាមគណៈកម្មាធិការសុខភាពរដ្ឋចិន គិតត្រឹមពាក់កណ្តាលអធា្រត្រថ្ងៃ៣កុម្ភៈ គណៈកម្មាធិការសុខភាពរដ្ឋ បានទទួលព័ត៌មានពីខេត្តចំនួន ៣១ ដែលមានប្រហែល ២០.៤៣៨ ករណី នៃជំងឺរលាកសួត បណ្តាលមកពីវីរុសប្រភេទថ្មី ត្រូវបានគេបញ្ជាក់ ដែលក្នុងនោះមាន ២.៧៨៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ , អ្នកជំងឺ៤២៥ នាក់បានស្លាប់ និង ៦៣២ នាក់បានជាសះស្បើយ និងត្រូវបានគេអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។

គណៈកម្មាធិការសុខាភិបាល ក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារមេរោគឆ្លងថ្មី នៅខេត្តហ៊ូប៉ីបានកើនឡើងដល់ ៤១៤ នាក់ ដោយមានមនុស្សជាង ១៣.៥២២ នាក់បានឆ្លងវីរុសនេះ។

ចំណែកអង្គការសុខភាពពិភពលោក ក៏បានប្រកាសថា ការផ្ទុះវីរុសកូរ៉ូណាថ្មីក្នុងឆ្នាំ២០១៩ គឺជាភាពអាសន្ន លើសុខភាពសាធារណៈមួយ នៅក្នុងក្តីព្រួយបារម្ភរបស់អន្តរជាតិ ៕

To Top