ភ្នំពេញ៖ លោក បាន គីមួន អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នជាប្រធាន នៃវិទ្យាស្ថានកំណើនបៃតង បានសម្ដែងការកោតស្ញប់ស្ញែង ចំពោះការដឹកនាំ និងការចូលរួមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលដឹកនាំប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។នេះបើយោងតាម AKP។
នៅក្នុងជំនួបពិភាក្សា ការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០លោក បាន គីមួន បានបញ្ជាក់ថា លោកតែងតែស្ងប់ស្ងែង ចំពោះអ្វីដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើ ដែលផ្តល់ផលជាវិជ្ជមាន រហូតមកក្នុងការដឹកនាំ ប្រទេស និងការចូលរួម វេទិកាសកល ជាច្រើននានា ពិសេសឥរិយាបថ របស់សម្តេចតែងតែ នាំមកភាពវិជ្ជមាន។
លោក បានគូសបញ្ជាក់ថា លោកតែងតែគោរពចំពោះការដឹកនាំ របស់សម្ដេចតេជោ ចាប់តាំងពីរូបគាត់ធ្វើជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ រហូតក្លាយជាអគ្គលេខាធិការ របស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ បញ្ជាក់ថា សម្តេចតែងតែចងចាំថា កន្លងទៅលោកអគ្គលេខាធិការ បានចូលរួមជាមួយកម្ពុជា ក្នុងការសម្របសម្រួល បញ្ជូនកងរក្សាសន្តិភាពក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ និងដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម។
ក្នុងពេល លោក បាន គីមួន កាន់តួនាទីជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្លាស់ប្ដូរយ៉ាងច្រើនពាក់ព័ន្ធទៅនឹង ការងាររវាងកិច្ចសហប្រតិបត្តិការកម្ពុជា និងអង្គការសហប្រជាជាតិ។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែរៀបចំ ដំណើរការនៃការកាត់ទោស មេខាងខ្មែរក្រហមនោះទេ កម្ពុជាបានរ៉ាប់រងនូវ ការចំណាយចំពោះ ផ្នែកជាតិ និងការ បញ្ជូនកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិផងដែរ។
លោក បាន គីមួន បានអរគុណចំពោះកម្ពុជា ដែលបានបញ្ជូនកងរក្សាសន្តិភាព ជាស្ត្រីក្រោមឆ័ត្រ របស់អង្គការសហប្រជាជាតិ។
លោក បានបញ្ជាក់ថា ជនជាតិកូរ៉េ និង លោក ផ្ទាល់ រីករាយដែលបានឃើញ ពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងកូរ៉េ ជាពិសេសមានការគាំទ្រ ពីប្រទេសកម្ពុជា ចំពោះស្ថេរភាព សន្តិភា ពនៅលើឧបទ្វីបកូរ៉េ។
ជាមួយគ្នានោះផងដែរ លោកបាន គីមួន បានស្នើឲ្យប្រទេសកម្ពុជា ចូលរួមចំណែកក្នុងការគាំទ្រ ឧបទ្វីបកូរ៉េ ក្នុងការស្វែងរកសន្តិភាព ត្បិតកម្ពុជាជាសមាជិកមួយ របស់អាស៊ាន ដូច្នេះអាស៊ាន អាចជួយបន្តដើរតួនាទី យ៉ាងសំខាន់ នៅក្នុងកិច្ចការងារ ស្វែងរកសន្តិភាព នៅឧបទ្វីបកូរ៉េផងដែរ។
លោក ពិតជាចង់ឃើញកម្ពុជា បន្តការគាំទ្រដល់ការងារបម្រែបម្រួលអាកាសធាតុ ជាពិសេស ក្នុងការជំរុញការប្រើប្រាស់ ថាមពលដោយចីរភាព ជាថាមពលបៃតង។
សម្ដេចបានបញ្ជាក់ថា កិច្ចការងារបម្រែបម្រួល អាកាសធាតុ មានសារៈសំខាន់ ដែលចាំបាច់ត្រូវតែ ជំរុញកិច្ចសហប្រតិបត្តិការ លើការងារបម្រែបម្រួលអាកាស ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌទន្លេមេគង្គ។
សម្ដេចតេជោ បានស្នើឲ្យលោក បាន គីមួន បញ្ជូនមន្ត្រីឯកទេស ពីវិទ្យាស្ថានសកល ស្តីពីកំណើនបៃតង ដើម្បីជួយប្រទេសកម្ពុជា ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា ចាប់យកនូវ សេដ្ឋកិច្ចបៃតង៕ដោយ៖ បាន ធារ៉ូ