ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-ចិន នឹងផ្លាស់ប្តូរទស្សនៈគ្នា លើការរីករាលដាលជំងឺផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាថ្មី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជួបពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យ ជាពិសេសផ្លាស់ប្តូរទស្សនៈគ្នា លើការរីករាលដាលជំងឺផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាថ្មី ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួន ដែលជាផលប្រយោជន៍រួមផងដែរ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងធ្វើដំណើរតាមយន្តហោះ ដោយផ្ទាល់ពីរដ្ឋធានីសេអ៊ូល ជាទីកន្លែងដែលសម្តេច បានបញ្ចប់ដំណើរទស្សនកិច្ច ក្នុងសាធារណរដ្ឋកូរ៉េ ក្រោយពិសារអាហារថ្ងៃត្រង់ ជាមួយលោក ជុង សៃឃ្យូន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេស នៅថ្ងៃទី៥ កុម្ភៈបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ មន្ត្រីជាន់ខ្ពស់មួយចំនួន នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយលោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នា លើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួន ដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិនផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកើនដល់ ៤៩០នាក់ និងជាង ២៤០០០នាក់ ឆ្លងជំងឺនេះ ខណៈមនុស្សជិត ៩០០នាក់ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ ៕

To Top