ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន ៖ សុំមេត្តាសមត្ថកិច្ច យោគយល់ ដល់ក្រុមអ្នករកស៊ី ដឹកភ្ញៀវទេសចរ នៅចំហៀងពីខាងលិចក្រសួង អភិវឌ្ឍន៍ជនបទផង

ភ្នំពេញ ៖ ក្រុមសមត្ថកិច្ចចម្រុះ របស់ខណ្ឌ៧មករា បានចុះទៅចាប់រថយន្ត ក្រុមអ្នករកស៊ីដឹកភ្ញៀវ ទេសចរណ៍នៅពីចំហៀងខាងលិចក្រសួង អភិវឌ្ឍន៍ជនបទផង ដោយចោទថា បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងរញ៉េរញ៉ៃ ខណៈរថយន្តផ្សេងទៀតចតបានដោយសេរីនៅទីតាំងក្បែរនោះ តែមិនចុះទៅអនុវត្តឲ្យបានស្មើភាពគ្នា។ ដូច្នេះស្នើសុំមេត្តាយោគយល់ ករុណាដល់ពួកគេផង ។

បើតាមវិដេអូឃ្លីបជាង១នាទី បង្ហាញពីសកម្មភាពសមត្ថកិច្ច ចុះចាប់រថយន្តដែលថតបានដោយប្រជាពលរដ្ឋ ផ្ញើមកកាន់មជ្ឈមណ្ឌលព័ត៌មាន មានប៉ូលីសម្នាក់ ក្នុងចំណោមជាច្រើនបាននិយាយ ទៅកាន់ក្រុមអ្នករកស៊ីដឹកភ្ញៀវទេសចរថា ការចុះមកនេះ យោងទៅតាមការបញ្ជាពីអភិបាលខណ្ឌ។

ប៉ូលីសបន្តថា អាជ្ញាធរមានសមត្ថកិច្ចមិនហាមឃាត់មិនឲ្យពួកគេរកស៊ីទេ តែកន្លែងនេះ ជាកន្លែងហាមឃាត់ ដូច្នេះក្រុមអ្នករកស៊ីដឹកភ្ញៀវទៅរកនៅកន្លែងផ្សេងទៅ ។

ចំពោះក្រុមអ្នករត់រថយន្តឈ្នួលវិញបានអះអាងថា ពួកគេចតរថយន្តនៅគៀនផ្លូវទេ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ ពួកគេបន្តថា រកស៊ីដឹកភ្ញៀវ ទេសចរទាំងខ្មែរ និងបរទេសទៅកាន់បណ្តាខេត្តនានាដើម្បីផ្គត់ផ្គង់គ្រួសារ ។ ចុះបើមកចាប់រថយន្តពួកគេបែបនេះតើឲ្យទៅរកស៊ីកន្លែងណា? បើពួកគេមករកស៊ីកន្លែងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ។

ដូច្នេះពួកគេសុំការយោគយល់ ដល់ពួកគេឲ្យបន្តរកស៊ីដូចដើមវិញផង ដើម្បីមានថវិកាចិញ្ចឹមគ្រួសារ ។

ក្រុមអ្នករកស៊ីបានលើកឡើងដូចៗគ្នាថា “បងៗប៉ូលីសចរាចរណ៍មួយក្រុម ចុះមករៀបចំសណ្តាប់ធ្នាប់ ដោយលើកហេតុផលបញ្ជាពីថ្នាក់លើ ។ អូខេ ពួកខ្ញុំគោរព ប្រសិនបើសម្មភាពពួកខ្ញុំ អ្នករត់រថយន្តទេសចរណ៍ចតខុសច្បាស់ ឫប៉ះពាល់ការធ្វើដំណើរទូទៅ ហើយសកម្មភាពនេះអនុវត្តទូទៅ ។ ប៉ុន្តែពួកខ្ញុំសួរថា ហេតុអ្វី បានជាអនុវត្តបទបញ្ជាធ្វើតែជាមួយអ្នកក្រ ។ ចុះការចតពាសវាសពាសកាល នៅម្តុំផ្សារដែលមានហាងពេជ្រធំៗ ម៉េចមិនអនុវត្តបទបញ្ជាឲ្យមានភាពស្មើៗគ្នាផង។ ពួកខ្ញុំសុំឲ្យបងប្អូនជួយគិតផង។ ពួកខ្ញុំសុំត្រឹមតែរស់ប្រកបរបររត់ឡានទេសចរណ៍ទេ ក៏ពិបាកដែរ។ សូមថ្នាក់លើជួយផង”៕

To Top