ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអះអាងថា កម្ពុជា ចាត់ទុកយន្តការកិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល គឺជាការដោះស្រាយរួមគ្នា នូវបញ្ហាប្រឈមនានា ។
ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី កិច្ចសន្ទនាសង្គម សម្រាប់ការងារ នាពេលអនាគតកាន់តែប្រសើរ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការ OECD ទីក្រុងប៉ារីស ប្រទេសបារំាង លោកអ៊ិត សំហេង បញ្ជាក់ថា កម្ពុជាបានចាត់ទុកយន្តការ កិច្ចសន្ទនាសង្គម នៃកិច្ចព្រមព្រៀងសាកល មានសារៈសំខាន់ក្នុងការដោះស្រាយរួមគ្នា នូវបញ្ហាប្រឈមនានាក្នុងទីផ្សារការងារ និងជំរុញឲ្យមនុស្សគ្រប់រូបអាចទទួលបានផល ពីសាកលភាវូបនីយកម្ម បាននិងកំពុងរួមចំណែកធ្វើឲ្យដៃគូរបស់ខ្លួនសម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ជាពិសេស SDG-៨ និងSDG-១០។
លោកថា កម្ពុជា ជាដៃគូដំបូងគេនៃសមាជិកអាស៊ាន បានផ្តល់ការគំាទ្រកិច្ចព្រមព្រៀងនេះ។
លោកបន្ថែមថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ខាងការងារចំនួន១៣ រួមទាំងអនុសញ្ញាស្នូលទាំង៨ តាមរយៈការអនុវត្តបទដ្ឋាន ទាំងនេះ ទទួលបានសមិទ្ធផល ជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ ជាពិសេសតាមរយៈកិច្ចសហបេ្រតិបត្តិការ យ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (ILO-BFC) ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា កម្ពុជាក៏បាននិងកំពុងប្រើប្រាស់យន្តការកិច្ចសន្ទនា សង្គមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតឲ្យមានយន្តការ កិច្ចសន្ទនាសង្គមត្រីភាគីនិងត្រីភាគីបូកជាច្រើន សម្រាប់ដោះស្រាយបញ្ហាក៏ដូច ជាកង្វល់នានា របស់ដៃគូរសង្គម ដូចជា គណៈកម្មការប្រឹក្សាការងារ ដែលមានបេសសកកម្មសិក្សាស្រាវជ្រាវ រាល់បញ្ហាដែលពាក់ព័ន្ធនឹងការងារ , ក្រុមប្រឹក្សាអាជ្ញាកណ្តាល , ការអប់រំវិជ្ជាជីវៈ , ចលនាកម្លាំងពលកម្មក្នុងប្រទេស , ទេសន្តរប្រវេសន៍ការងារ , លក្ខខណ្ឌការងារ , អនាម័យនិងសន្តិសុខការងារ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិ របបសន្តិសុខសង្គម , យន្តការដោះស្រាយវិវាទការងារ , ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងវេទិកាត្រីភាគីគ្រប់កំរិត , ការតាក់តែងច្បាប់ និងគោលនយោបាយនានា៕