ភ្នំពេញ៖ ក្រោយចប់ជំនួប ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន និងលោក លី ឃឺជាំងនាយករដ្ឋមន្រ្តីចិន រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន បង្ហាញពីការសប្បាយចិត្តជាខ្លាំង ចំពោះការយកចិត្តទុក ដាក់ដ៏ខ្លាំងក្លា របស់ភាគីចិន មកលើក្រុមនិស្សិតខ្មែរនៅវូហានចំនួន២៣នាក់។
ជាមួយគ្នានេះសម្តេច ក៏បានផ្តាំផ្ញើទៅក្រុមនិស្សិតថា ត្រូវមានទំនុកចិត្ត ជំនឿ និងសង្ឃឹមចំពោះវិធានការ ទប់ស្កាត់មិន៊ឲ្យជំងឺឆ្លងនេះ រីករាលដាលមកដល់កន្លែង សុវត្ថិភាពរបស់ពួកគេ ដែលកំពុងរស់នៅ។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ នៅរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចឲ្យដែរថា នៅទីក្រុងប៉េកាំ ងធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពសម្តេចគឺល្អរឹងមាំ។
សម្តេចតេជោបន្តថា សម្តេចពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិនក្នុងការមើលថែទាំពលរដ្ឋ និងសិស្សនិស្សិតខ្មែរដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏សម្តេចសោកស្តាយដែល មិនបានទៅជួបនិស្សិតខ្មែរដោយផ្ទាល់ ។ សមហតេចថា ទោះបីពេលនេះមិនបានទៅ ប៉ុន្តែសម្តេចសង្ឃឹមថានឹងបានជួបក្មួយៗនៅពេលខាងមុខណាមួយមិនខាន។
សម្តេចតេជោផ្តាំផ្ញើទៀតថា និស្សិតត្រូវថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ៥ កុម្ភៈនេះ មានអ្នកឆ្លងវីរុសកូរ៉ូណា ចំនួន ២៤៣២៤នាក់ និងអ្នកស្លាប់៤៩០នាក់៕