ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់លោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនថា មានអ្នកខ្លះចោទប្រកាន់ថា សម្តេចដោះដូរអាយុជីវិត ពលរដ្ឋខ្មែរនៅចិន ជាមួយទំនាក់ទំនងចិន។
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិន នៅថ្ងៃ៥ កុម្ភៈ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចនៅចិនរបស់សម្តេ ដើម្បីលុបបំបាត់នៃការភ័យខ្លាចក្នុងចំណោមពលរដ្ឋកម្ពុជា ជាពិសេសគឺការប្រឆាំងទៅនឹងភាពភ័យខ្លាចរបស់ពលរដ្ឋ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាចង់បង្ហាញពីការគាំទ្រ ជាមួយចិនក្នុងពេលកំពុងតែប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណានេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងចូលរួមសុខរួមទុក្ខជាមួយនឹងគ្រួសារជនរងគ្រោះដោយសារ វីរុសនេះ។
សម្ដេចតេជោ ក៏បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយពលរដ្ឋកម្ពុជា កំពុងតែរស់នៅចិន ក្នុងគ្រាដែលរដ្ឋាភិបាលចិន បានចាត់វិធានការមួយចំនួនដើម្បីជួយដល់និស្សិតកម្ពុជា។
សម្ដេចបានបញ្ជាក់ថា អ្វីដែលសំខាន់មិនមែនដោយសារ វីរុសកូរ៉ូណាទេ ប៉ុន្តែគឺជាការភ័យខ្លាចរបស់ពលរដ្ឋ។ សម្ដេចបានចាត់ទុកថា បញ្ហាជំងឺកូណានេះគឺជាសង្គ្រាមចិត្តសាស្រ្ត ដែលកំពុងធ្វើឲ្យពលរដ្ឋភ័យខ្លាច។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “មានអ្នកខ្លះចោទប្រកាន់ថារាជរដ្ឋាភិបាលថាបានដោះដូរអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាមួយទំនាក់ទំនងកម្ពុជា-ចិនទៅវិញ តែការលើក ឡើងនោះគឺសុទ្ធតែជារឿងមិនពិតទាល់តែសោះ ពីព្រោះសម្ដេចបន្តការយកចិត្តទុកដាក់ចំពោះនិស្សិត ដែលកំពុងតែសិក្សានៅប្រទេសចិន”។
សម្ដេចតេជោមិនអាចរត់ចេញពីអ្វីដែលកំពុងកើតឡើង នេះបានទេ ប៉ុន្តែសម្ដេចនៅតែបង្ហាញពីការរួមសុខរួមទុក្ខជាមួយពលរដ្ឋកម្ពុជា និងពលរដ្ឋចិន។
លោក លី ខឺឈាំង ក៏បានបញ្ជាក់មកកាន់សម្តេចថា ចិន យកចិត្តទុកដាក់ខ្លាំងចំពោះទស្សនកិច្ចរបស់សម្ដេចតេជោ មកចិន។ នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ភាគីចិនធ្វើអ្វីៗដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅទីនោះកុំឲ្យមានការភ័យខ្លាច។ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល និងពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគថ្មី ហើយសង្ឃឹមជឿជាក់ថា ចិននឹងអាចប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏លើកឡើងពីកិច្ចសហប្រតិបត្តិការទ្វេភាគីពាក់ព័ន្ធទៅនឹងសហភាពអឺរ៉ុប ដែលគ្រោងនឹងចេញនូវសេចក្តីសម្រេចរបស់ខ្លួននាពាក់កណ្ដាលខែកុម្ភៈនេះ។ ទោះស្ថិតនៅក្នុងស្ថានភាពនេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចរាល់ជាងមួយឆ្នាំហើយ ។
សម្ដេចតេជោបានស្នើរដ្ឋាភិបាលចិន ជួយជំរុញ វិនិយោគ និងរោងចក្រដែលកំពុងប្រតិបត្តិការ ៧០ភាគរយ នៅកម្ពុជា បន្តរក្សានៅកម្ពុជាដដែល និងស្នើឲ្យចិនបន្តជម្រុញការគៀងគរវិនិយោគរបស់ចិនមកបណ្ដាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ជាមួយនឹងការពង្រីកទិន្នផលកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិន។
សម្ដេចតេជោ បានបញ្ជាក់ជូននាយករដ្ឋមន្ត្រីចិនថា ការបិទ ល្បែងអនឡាញនៅកម្ពុជាគឺដើម្បីធ្វើយ៉ាងណា ធានាសន្តិសុខជាតិរបស់កម្ពុជា នឹងចូលរួមប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងល្បែងអនឡាញផងដែរ។
សម្រាប់លោកនាយករដ្ឋមន្រ្តីចិនបានថ្លែងតបថា នឹងបន្តការគាំទ្រដល់កម្ពុជាទៅតាមលទ្ធភាព នូវអ្វីដែលចិនអាចជួយបាន ហើយចិននឹងបន្តការគាំទ្រ គៀងគរវិនិយោគបន្ថែមមកកាន់កម្ពុជា និងរក្សាវិនិយោគិនដែលកំពុងតែវិនិយោគនៅកម្ពុជាផងដែរ។ ពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ គឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលចរចាគ្នា ដោយភាគីទាំងពីរ នឹងបន្តការជជែកគ្នាទៀតនៅខែមីនាខាងមុខ ដើម្បីជំរុញឲ្យបានចប់សព្វគ្រប់៕