ភ្នំពេញ ៖ ខណៈជិតដល់ថ្ងៃប្រកាសឱសានវាទ ពីសំណាក់សហភាពអឺរ៉ុប(EU)ថា ត្រូវដក ឬបន្តទុកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានលើកឡើងថា EBA គឺគ្រាន់តែជាព្រឹត្តិការណ៍ នយោបាយប៉ុណ្ណោះ មិនមែនជាបិសាច ដូចវីរុសកូរ៉ូណាទេ ដូច្នេះរាជរដ្ឋាភិបាលបានត្រៀមខ្លួន ទទួលយករួចជាស្រេច ក្នុងការឆ្លើយតបចំពោះការដក ឬមិនដល់ EBA នេះហើយ ។
នៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ជាពេលវេលាកំណត់ របស់សហភាពអឺរ៉ុប (EU) ក្នុងការសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែងអាវុធបន្តទៀតឲ្យកម្ពុជា។ ការប្រកាសដកឬបន្ត EBA របស់EU ប្រសិនបើរកឃើញការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA បានធ្វើឲ្យកម្ពុជា ចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ។
ក្នុងសន្និសីទសារព័ត៌មានបច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម នៅថ្ងៃ៦ កុម្ភៈ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា “ប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែជាព្រឹត្តិការណ៍នយោបាយ ប៉ុណ្ណោះ ដែលមិនមែនជាបិសាច ដូចជាជំងឺ ឆ្លងកូរ៉ូណា វីរុសឡើយ ហើយគ្រោន់តែជាព្រឹត្តិការណ៍ ក្នុងការធ្វើវិទ្សុនាផ្លូវចិត្តសាស្រ្តប៉ុណ្ណោះ” ។
លោកបន្តថា “រាជរដ្ឋាភិបាល បានរៀបចំជាកញ្ចប់រួចជាស្រេច ដើម្បីឆ្លើយតប ជាមួយនឹងការដក ឬការកាត់បន្ថយEBA” ។
លោកបន្តទៀតថា ការកាត់បន្ថយការអនុគ្រោះពន្ធ តាមកម្មវិធី EBA គ្រាន់តែជាការបង្កើនឲ្យកម្ពុជា ឬអ្នកនាំចេញឥវ៉ាន់ចេញពីកម្ពុជា បង្កើនការបង់ពន្ធ ហើយមកដល់ពេលនេះ មិនមានការបាត់នូវទីផ្សារ ពីសហភាពអឺរ៉ុបឡើយ ។ មិនមែនជាមូលដ្ឋានគ្រឹះ មិនមែនជាចំណុចសំខាន់ នៃសេដ្ឋកិច្ចជាតិរបស់កម្ពុជាឡើយ ។
លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមលក្ខណៈ ក្នុងការបាត់បង់ EBA ពីសហភាពអឺរ៉ុបរួចស្រេច ពីព្រោះកំណើនសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះ លោកបញ្ជាក់ទាក់ទងជាមួយEBA នេះថា បើក្នុងករណីសហភាពអឺរ៉ុបផ្ដាច់EBA ចេញពីកម្ពុជាមែន គឺរាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកទីផ្សារ ពីបណ្ដាប្រទេសផ្សេងៗ ដោយសារកម្ពុជា ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងឱកាសនោះ លោកបញ្ជាក់ទៀតថា កម្ពុជានឹងរៀបចំវេទិកាអឺរ៉ុប នៅបំណាច់ឆ្នាំនេះ ដើម្បីពិភាក្សាគ្នាពីបញ្ហានានា ។
ចំណែកលោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស សង្ឃឹមថា ឆ្នាំ២០២០នេះ ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុប នឹងមានកំណើន ខណៈឆ្នាំ២០១៩ កម្ពុជាបាននាំអង្ករចេញទៅ ប្រហែល២០ម៉ឺនតោន ។ ចំនួននេះឃើញថា មានការធ្លាក់ចុះប្រហែលជា២៥% ។ មូលហេតុធ្លាក់ចុះ ដោយសារសហភាពអឺរ៉ុប ចាប់ផ្ដើមអនុវត្តន៍វិធានការពារ ។ បានន័យថា អង្ករកម្ពុជានាំចូលទៅសហភាពអឺរ៉ុប ត្រូវបង់ពន្ធក្នុង១តោន ប្រហែល២០០ដុល្លារ ។
លោកសង្ឃឹមថា “នៅក្នុងឆ្នាំ២០២០ នេះ តួលេខនៃការនាំចេញអង្ករ ទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងមានការកើនឡើង ដោយសារតួលេខបង់ពន្ធ មានការធ្លាក់ចុះចំនួន២៥អឺរ៉ូ” ៕
ដោយ៖ធី លីថូ