ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅ ថ្ងៃទី៦ខែកុម្ភៈ នេះបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីនាំនារីក្មេងៗ ឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការចង្អុលបង្ហាញ ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ ០១០ អ.យ.វ ចុះថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០ របស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ១នាក់ និងជនរងគ្រោះចំនួន ៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា ៖
១. នៅចំណុចភោជនីយ៍ដ្ឋាន ម្លប់ស្បូវមានលាភ ផ្លូវលេខ១០០៣ កែងផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ០២នាក់ ស្រី (នីតិជន) ។
២. នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ចំនួន ០៤នាក់ ស្រី (អនីតិជន ០២នាក់) ។ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ០៦នាក់ (អនីតិជន ០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕