ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដោយលើកយករបៀបវារៈសំខាន់ ៤មកពិភាក្សា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្រាប់របៀបវារៈនៃ កិច្ចប្រជុំមានដូចខាងក្រោម៖

១)សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

៣)គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គម្រោងអភិវឌ្ឍបណ្ដាញបញ្ជូន ២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុបសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត។

៤)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម​ ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពី ស្ថាប័ននីតិប្បញ្ញត្តិលើ៖

៤.១- សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤.២- សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៤.៣- ពិធីសារទីមួយ ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទំនិញអាស៊ាន។

៤.៤- ពិធីសារទីពិរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។

៥.៥- ពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគ ទូលំទូលាយអាស៊ាន៕

To Top