ព័ត៌មានជាតិ

កម្ពុជា-ថៃ ប្ដេជ្ញា​ពង្រឹង ​កិច្ច​សហប្រតិបត្តិការ ពាណិជ្ជកម្មតាមព្រំដែន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កម្ពុជា-ថៃ បង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឲ្យរឹតតែរឹងមាំបន្ថែមទៀត ជាពិសេស ធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្ត ជាប់ព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឲ្យ សេដ្ឋកិច្ចប្រទេសទាំងពីរ កាន់តែខ្លាំងថែមទៀត។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ក្នុងពិធីសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០» នៅសាលសន្និសីទកោះពេជ្រ កាលពីថ្ងៃទី៧ កុម្ភៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ភាគីទាំងពីរលើកឡើងថា «កម្ពុជា និងថៃ បានបង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឲ្យរឹតតែរឹងមាំបន្ថែមទៀត ជាពិសេស ការធ្វើពាណិជ្ជកម្មតាមបណ្ដាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ»។

ឆ្លៀតឱកាសនោះដែរ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា ការសម្រេចបាននូវកំណើនពាណិជ្ជកម្ម ទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើននានា អាចកើតឡើងដោយសារ ប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយ ក្នុងការបង្កបង្កើនផល មានសិទ្ធិសេរីភាពក្នុងការធ្វើ ធុរកិច្ច និងវិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែក រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បានឲ្យដឹងថា ពិព័រណ៍ «ថប់ថៃប្រេន ២០២០» មានស្តង់ពាណិជ្ជកម្ម ៣០០ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាង គ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃ ដែលមានគុណភាពខ្ពស់ និងមានប្រជាប្រិយភាព៕

ដោយ៖ អេង ប៊ូឆេង

To Top