Hun Sen Status Ups after EBA Partial Suspension »
សហភាពអឺរ៉ុបដែលអាច នឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជាដោយយល់ថា ជាការដាក់ទណ្ឌកម្មទៅលើ រដ្ឋាភិបាលក្រុងភ្នំពេញ។ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំយល់ថាការសម្រេចចិត្តបែបនេះ ពិតជាបានផ្តល់ឪកាសមាសឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវ«កាដូពិសេស» ទៅវិញនោះទេ។
កាដូនោះគឺការ «ធ្វើឲ្យហាងឆេងលោក ហ៊ុន សែន កាន់តែឡើងថ្លៃខ្ពស់ថែមទៀត។ »។ ហេតុអ្វីបានជាខ្ញុំហ៊ាន និយាយ អះអាងយ៉ាងដូច្នេះ? មានហេតុផលសត្យានុម័តមួយចំនួនដែលអាចពន្យល់រឿងនេះបាន៖
ជាបឋមគេត្រូវដឹងថា កាលពី នៅមានEBAពេញលេញ សហភាពអឺរ៉ុបអាចនៅមានទឹកមាត់ប្រៃខ្លះក្នុងការ និយាយ រឺទាមទារនេះ សំណូមពរនោះពីរដ្ឋាភិបាលដឹកនាំដោយលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែ ពេល EBA ត្រូវបានព្យួរ ទោះជាមិនព្យួរទាំងស្រុងក៏ដោយចុះ ក៏សហភាពអឺរ៉ុបអស់មានទឹកមាត់ប្រៃទៀតហើយទៅលើ រដ្ឋាភិបាលក្រុងភ្នំពេញ។ បើនិយាយតាមបែបកីឡា
បាល់ទាត់វិញ ការព្យួរ EBA នេះប្រៀបបានទៅ នឹងការផ្តល់ឱកាសឲ្យលោកនាយក រដ្ឋមន្ត្រី «ហ៊ុន សែន ទាត់
បាល់ប៉េណាល់ ទី ៥គ្រាប់ដោយគ្មានអ្នកចាំទី»។ តើអ្វីទៅជាគ្រាប់បាល់
ប៉េណាល់ទី ទាំង៥ដែល លោក នាយករដ្ឋមន្ត្រីទទួល បានពីសហភាពអឺរ៉ុប?
ទី១៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានហេតុផលគ្រប់គ្រាន់និងឡូហ្ស៊ីកក្នុងការពន្យល់ប្រជាពលរដ្ឋខ្មែរតាមរយៈការ បង្ហាញពីភាពអយុត្តិធម៌របស់សហភាពអឺរ៉ុបដែល ប្រើប្រាស់ស្តង់ដារពីរពាក់ព័ន្ធនឹងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ហេតុផល នោះគឺនៅត្រង់ថា សហភាពអឺរ៉ុបដែលតែងតែលើកយកបញ្ហាប្រជាធិបតេយ្យនិងការ គោរពសិទ្ធិមនុស្សមកធ្វើជាស្នូលក្នុងទំនាក់ទំនងអន្តរជាតិនោះ បែរជាព្យួរ EBA ពីកម្ពុជា ហើយ ស្របពេលជាមួយគ្នានោះ ស្រាប់តែទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ។ ចំពោះចំណុចនេះ នរណាក៏គេអាចយល់បានដែរថា តើសហភាពអឺរ៉ុបកំពុងធ្វើអ្វី? ទន្ទឹមនឹងនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏នឹងមានហេតុផល ស្តីពីសារៈសំខាន់បំផុតនៃការការពារអធិបតេយ្យភាពជាតិមកនិយាយដើម្បីទាក់ទាញសមានចិត្តពីប្រជាពលរដ្ឋខ្មែរឲ្យបន្តគាំទ្រគណបក្សកាន់អំណាចកាន់តែខ្លាំងថែមទៀតពីព្រោះពាក្យថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលពួក លោកខាងលិចតែងតែលើកមក និយាយនោះ វាគ្រាន់តែជា លេសដើម្បីកេងចំណេញមកលើប្រទេសតូចតាចតែប៉ុណ្ណោះ ជាពិសេសគឺប្រើជាខែលដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ផ្សេងៗតែប៉ុណ្ណោះ ។
ទី២៖ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក៍នឹងធ្វើឲ្យទំនាក់ទំនងរវាងអាស៊ាននិងអឺរ៉ុប ជួបប្រទះបញ្ហាកាន់តែធ្ងន់ធ្ងរ ទៅៗ ពីព្រោះសូមកុំភ្លេចថា «មុនសម្រេចកិច្ចការអ្វីមួយជាមួយអឺរ៉ុប អាស៊ានត្រូវការកុងសង់ស៊ុស»។ប៉ុន្តែពេលនេះ មានប្រទេសកាន់តែច្រើនលើស៥០%នៃ សមាជិកអាស៊ានទៅហើយដែល មិនពេញចិត្តនិងមានជម្លោះជាមួយនឹងសហភាពអឺរ៉ុប។ ប្រទេសទាំងនោះមានជាអាទិ៍ ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ជុំវិញបញ្ហាដូងប្រេង, ហ្វីលីពីន ជុំវិញ បញ្ហាសិទ្ធិមនុស្សដោយសារ យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោក ឌុយទែតេ, និងភូមា ជុំវិញសំណុំរឿង រ៉ូហិនយ៉ា។ល។ ឥឡូវនេះ អឺរ៉ុបបានបង្កបញ្ហាជាមួយកម្ពុជាមួយ ទៀតដែលធ្វើឲ្យទំនាក់ទំនងអាស៊ាន~អឺរ៉ុបកាន់តែមាន បញ្ហាធ្ងន់ធ្ងរទៅៗ ។
ទី៣៖ ពាក់ព័ន្ធនឹង
នយោបាយក្នុងស្រុកវិញ៖ រដ្ឋាភិបាលភ្នំពេញមានសេរីភាពពេញទីក្រោមហេតុផលនៃការអនុវត្តន៍គោលការណ៍នីតិរដ្ឋក្នុងការសម្រេចសំណុំររឿង
សំខាន់ៗ យ៉ាងហោចណាស់ក៏មាន៣ដែរ នោះគឺ ជុំវិញវាសនាបក្សប្រឆាំងនៅកម្ពុជា, រឿងអង្គការសង្គម ស៊ីវិលនិងសារព័ត៌មានគាំទ្រ បក្សប្រឆាំងដែលតែងតែ ប្រព្រឹត្តប្រព្រឹត្តខុសច្បាប់និងបំពានច្បាប់ហើយនិងការសម្រេចចិត្តសុំទៅ ព្រះមហាក្សត្រដើម្បីលើកលែងទោសលោក កឹម សុខា ឬក៏អត់ក្រោយបញ្ចប់សវនាការសំណុំរឿងក្បត់ជាតិ ។ ម្យ៉ាងទៀត រដ្ឋាភិបាលកម្ពុជា ពិតជាអាច នឹងរឹតបន្តឹងការអនុវត្តន៍ច្បាប់ប្រឆាំងនឹងបាតុកម្មកូដកម្មខុសច្បាប់, ប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ, រឹត បន្តឹងការអនុវត្តន៍ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ, ការរើសអើងជាតិសាសន៍ ការឃុបឃិតជាមួយបរទេសជាដើម។
ការសម្រេចកិច្ចការទាំងនេះគឺជាសិទ្ធិស្វ័យសម្រេចទាំងស្រុងរបស់កម្ពុជាជាពិសេសជាឆន្ទានុសិទ្ធ របស់លោក ហ៊ុន សែនដែលគ្មានបរទេសណាមានទឹកមាត់ប្រៃចង់មកដើរតួ សម្របសម្រួល ឬធ្វេី
អន្តរាគម៍បានទៀតដូចមុនការព្យួរ EBA ទៀតនោះឡើយ។
ទី៤៖ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រែក្លាយការព្យួរ EBA នេះដើម្បី «រៀបចំ ផ្ទះអោយ មានសណ្តាប់ធ្នាប់ឡើងវិញតាមរយៈការពង្រឹង
នីតិរដ្ធ » ដើម្បីធានា
ឯករាជ្យភាពទាំងខាងនយោបាយ និងសេដ្ឋកិច្ច។ ក្នុងន័យនេះ រដ្ឋាភិបាលភ្នំពេញពិតជាអាច
នឹងប្រឹងប្រែងពង្រឹងអភិបាលកិច្ចល្អ, យុត្តិធម៌សង្គម និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើមដោយ «ប្រកាន់យកដំណើរការ ប្រជាធិបតេយ្យតាម លក្ខណៈពិសេសរបស់
កម្ពុជា » ពោលគឺអាចនិយាយបានថា ការព្យួរ EBA បានក្លាយជាកម្លាំងចលករក្នុងការជំរុញកំណែ ទំរង់ផងក៏ដូចជាសន្ទុះសេដ្ឋកិច្ចកម្ពុជាទៅវិញទេ ។
សំខាន់បំផុតជាងនេះ ទៅទៀតនោះ គឺផ្អែកលើបទពសោធន៍ក្នុងរយៈពេល៤១ឆ្នាំកន្លងមកនេះរបស់បក្សកាន់អំណាចជាពិសេស លោក ហ៊ុន សែនក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ឆ្លងកាត់ដោយជោគជ័យនូវការដាក់ទណ្ឌម្ម នយោបាយនិងសេដ្ឋកិច្ចពីអន្តរជាតិក្រោយឆ្នាំ១៩៧៩ វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងឆ្នាំ ១៩៩៧ និង ២០០៨ ជាដើម ហើយជាពិសេស បំផុត គឺពាក្យ២ឃ្លាដែល លោក ហ៊ុនសែនតែងតែធ្លាប់លើកឡើងតាំងពីប្រទេសនិងប្រជាជនគ្មានអ្វីៗ ទាំងអស់រហូតដល់សព្វថ្ងៃមានអ្វីៗ គ្រប់បែបយ៉ាងថា «លោក ហ៊ុន សែននិងបក្សប្រជាជនជានិច្ចជាកាលនៅ រួមសុខ រួមទុក្ខ» និង «មិនដែលរត់ចោលប្រជាជនម្តងណាឡើយ» នោះ គឺជាហេតុផលជាក់ស្តែងបំផុតដែល ប្រជាជនងាយជឿជាក់ ទុកចិត្តនិងគាំទ្រលោក ហ៊ុន សែន ក្នុងស្មារតី «មិនយកអធិប្បតេយ្យជាតិទៅ ដោះដូរជាមួយជំនួយបរទេស »។
ទី៥៖ នៅលើបសមរភូមិភូមិសាស្ត្រនយោបាយវិញ : ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប នឹងកាន់តែជំរុញឲ្យរដ្ឋាភិបាល ក្រុងភ្នំពេញខិតកាន់តែជិតស្និទ្ធថែមទៀតជាមួយចិន ខណៈដែលចិនកំពុងពង្រីកឥទ្ធិពលភូមិសាស្ត្រ នយោបាយរបស់ខ្លួនមកកាន់តំបន់ អាស៊ីប៉ាហ្វិក ក្នុងនោះអាស៊ីអាគ្នេយ៍ ក៏ជាគោលដៅដ៏សំខាន់មួយរបស់មហាយក្សចិន។ ដោយឡែកកម្ពុជាគឺជាមិត្តជិតស្និទ្ធ របស់ចិនស្រាប់។ ជាក់ស្តែង ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្លាប់បានប្រកាស ពីពេលថ្មីៗកន្លងទៅនេះថា «មិត្តភាពកម្ពុជា~ចិនគឺជាមិត្តភាពដែកថែប» ហើយក្នុងដំណើរទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៥ កុម្ភៈ ២០២០ នេះ លោកស៊ីជីនពីង ក៏បានកត់សម្គាល់បញ្ជាក់សារជាថ្មីទៀតថា «កម្ពុជាគឺជាមិត្តដ៏ស្មោះត្រង់ពិតប្រាកដរបស់
ចិន » ពីព្រោះទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង្នុងខណៈពេលដែលចិន កំពុងជួបប្រទះបញ្ហានៃការរាតត្បាត នៃវីរុសកូរ៉ូណា ។
ជាការឆ្លើយតបចំពោះទឹកចិត្ត និងវត្តមានរបស់លោក ហ៊ុន សែន នៅប៉េកាំងក្នុងគ្រាដ៏ លំបាកនេះ «ចិនក៏បានសម្រេចមិនត្រឹមតែរក្សាការវិនិយោគរបស់ខ្លួនដែលកំពុង មានស្រាប់នៅកម្ពុជានោះទេ ប៉ុន្តែជាងនេះទៅទៀត ក៍បានសន្យាយ៉ាងម៉ឹងម៉ាត់ថានឹងបង្កើនការវិនិយោគ ដោយផ្ទាល់មកកាន់កម្ពុជា ច្រើនថែមទៀត និងបន្តផ្តល់ជំនួយបន្ទាន់គ្រប់យ៉ាងតាមដែលកម្ពុជាត្រូវការ »។
បើនិយាយអោយខ្លីនិងកាន់តែ ងាយយល់នោះ គឺការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះពិតជា បានជំរុញឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មាន ឱកាសកាន់តែច្រើនក្នុងការងាក ទៅរឹតចំណងមិត្តភាពជាមួយចិន កាន់តែរឹងមាំថែមទៀត។ ហេតុដូច្នេះ សូមកុំបន្ទោសនិង ទំលាក់កំហុសមកលើលោក ហ៊ុន សែន អី ពីព្រោះរវាងជំនួយរបស់ សហភាពអឺរ៉ុបដែលមាន លក្ខខណ្ឌចងភ្ជាប់យ៉ាងតឹងរ៉ឹងជាមួយការ បង្វិលក្បាលម្ចាស់ប្រទេស ធៀបនឹងជំនួយចិនដែលគ្មានលក្ខខណ្ឌអ្វីទាំងអស់ ច្បាស់ណាស់ថា គ្មានអ្នកណាមិនចាប់យកជំនួយចិននោះឡើយ។
ហេតុផលដូចបានលើកឡើងខាងដើម គឺជាភស្តុតាងបញ្ជាក់ថា សហភាពអឺរ៉ុប ដែលអាចនឹងសម្រេចចិត្តព្យួរផ្នែកខ្លះនៃ EBA ពីកម្ពុជាគឺជាការសម្រេចចិត្តដ៏ខុសឆ្គង និងអយុត្តិធម៌បំផុតក្នុងបរិបទនៃពិភពលោក
ពហុប៉ូល។ ការសម្រេចដ៏ខុសឆ្គងនេះក៏អាចធ្វើឲ្យ សហភាពអឺរ៉ុបកាន់តែ បាត់បង់ទីតាំងឈរជើងនៅអាស៊ីអាគ្នេយ៍ និយាយជារួម និងនៅកម្ពុជា និយាយដោយឡែក។
ពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរបស់កម្ពុជាវិញ ការសម្រេចចិត្តខុសឆ្គងរបស់សហភាពអឺរ៉ុប មិនបានក្លាយជាសម្ពាធមកលើ រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ វាបានក្លាយជាព្រនង់ដែលសំពង ទៅលើក្រុមប្រឆាំងទៅវិញតែប៉ុណ្ណោះ។ ចំណែកឯ រដ្ឋាភិបាលកម្ពុជាវិញ តាមរយៈការសម្រេចចិត្ត ដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបនេះ កម្ពុជាកាន់តែក្លាយជារដ្ឋឯករាជ ពីសម្ពាធបរទេសនិងក៏ជាឱកាសដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើកម្លាំងខ្លួនឯង។ ហើយបើនិយាយតាម បែបផ្សេងគឺ «ហាងឆេងរបស់ លោក ហ៊ុន សែន កាន់តែឡើងខ្ពស់ដោយសារ ការសម្រេចចិត្តដ៏ខុសឆ្គងរបស់សហភាពអឺរ៉ុបក្នុងការព្យួរ EBA ពីកម្ពុជា»។
ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ