ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរព្រំដែន កម្ពុជា-ឡាវ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនិងឈានដល់ការដោះស្រាយ រាល់បញ្ហាផ្សេងៗ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាបក្ស និង ជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “គប្បីណាស់តាមព្រំដែនអាជ្ញាធរដែនដីទាំងសងខាងដែលបានដើរតួយ៉ាងសំខាន់ជំរុញទំនាក់ទំនងឲ្យបានយ៉ាងជិតស្និទ្ធ ហើយអាចបង្កើតឲ្យមានកម្មវិធីកីឡារួមគ្នាផង ដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងល្អនេះឈានដល់ការដោះស្រាយរាល់បញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន”។
ទន្ទឹមនឹងនេះ សម្ដេច សង្កត់ធ្ងន់ថា មិនត្រឹមតែអាជ្ញាធរដែនដី ទេ កងទ័ពនៃប្រទេសទាំងពីរ ក៏គប្បីដែលជំរុញទំនាក់ទំនង់ឲ្យបានកាន់តែជិតស្និត ព្រោះកាលណាមានភាពជិតស្និតហើយ ទោះបីមានរឿងអ្វីក៏អាចដោះស្រាយ និង ពិភាក្សាគ្នាបានដែរ។
ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងល្អនេះកាន់តែស៊ីជម្រៅថែមទៀត ស្របតាមអ្វីដែលបានចុះហត្ថលេខាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផង។
ចំណែកលោក ប៊ុនញ៉ាំង វរជីត បានឲ្យដឹងថា ជារៀងដរាបមក កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ។ ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំងពីរជាប្រទេសភូមិផងរបងតែមួយ ជាប្រទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញទៅមកកាន់តែកើនឡើងល្អ ជាងនេះទៀតក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។
លោកថា ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាទីបំផុត ចំពោះប្រជាពលរដ្ឋកម្ពុជាវិញ ក៏មានជីវភាពរស់នៅល្អប្រសើរផងដែរ៕
ដោយ អេង ប៊ូឆេង