ដើម្បីពិសាកាហ្វេមួយកែវ ដែលរោយពីលើ ដោយកំទេចមាស២៤ ការ៉ាត់ ត្រូវចំណាយ៧០ដុល្លារ ស្មើនឹងខ្ញុំលក់សៀវភៅ១៤ ក្បាល ឬលក់អង្ករ២ បាវ ។
កាហ្វេរោយមាស ឬកាហ្វេស្រោបមាស ជាសេវាកម្មលំដាប់ផ្កាយប្រាំមួយបែបកំពុង ពេញនិយមនៅទីក្រុងឌូបៃ និងអាប៊ូដាប៊ីនាពេលបច្ចុប្បន្ន ។ បន្ទាប់ពីសាកកាហ្វេមាសរួច មានអ្នកខ្សឹបថា បើបងទៅបន្ទប់ជួយប្រាប់ផង ។
ហ៊ុំព័ទ្ធដោយវាលខ្សាច់និងសមុទ្រ ទីក្រុងស្ថាបត្យកម្មបែបទំនើបទាំងពីរនេះអាចទាញភ្ញៀវ ទេសចរមកកំសាន្តរហូតដល់១៦ លាននាក់ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។
រហូតមកទល់ពេលនេះ ទីក្រុងឌូបៃនិងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេសន្និដ្ឋាន ស្ទើរគ្រប់គ្នាថា អាចធ្វើមានធ្វើបានដោយសារ ធនធានប្រេង តែជាក់ស្តែងចំណូល បានពីប្រេងមានត្រឹមតែ១០ ភាគរយប៉ុណ្ណោះ ខណៈវិស័យទេសចរណ៍អាចរកចំណូលរហូតដល់៣៦ ភាគរយឯណោះ។
អគាររចនាបទប្លែកៗ និងទំនើបៗនិងអគារ Burj Khalifa (ជិត១គីឡូម៉ែត្រ) ខ្ពស់ជាងគេនៅលើពិភពលោក ដំណើរកំសាន្តដោយជិះឡាន ឆ្លងកាត់សមុទ្រខ្សាច់ ជិះសត្វអូដ្ឋនៅលើវាលខ្សាច់ មើលនារីរាំបញ្ចេញក្បាលពោះ ក្រេបរសជាតិកាហ្វេស្រោបមាស និងសួនផ្កា នៃក្តីស្រមៃរបស់នារីៗសុទ្ធតែជាការកែច្នៃ របស់រដ្ឋាភិបាលនិងពលរដ្ឋ របស់ប្រទេសមួយនេះ រហូតធ្វើឱ្យគេអាចប្រែក្លាយពីប្រទេសក្រ ទៅជាប្រទេសអ្នកមាន ។
នៅអារ៉ាប់រួម មានរឿងប្លែកៗច្រើន ដែលខ្ញុំមិនអាចរៀបរាប់អស់នៅលើបណ្តាញសង្គមហ្វេសប៊ុក តែសូមរំលេចខ្លះៗដូចជា ជនបរទេសរហូតដល់៨០ភាគរយឯណោះចូលមកធ្វើការ នៅក្នុងប្រទេសនេះ តែពលរដ្ឋដើមដែលមានតែ២០ភាគរយ នៃប្រជាពលរដ្ឋសរុបជិត១០លាននាក់នៅតែជា “ថៅកែ” មានន័យថា វិនិយោគបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនតែ៤៩ភាគរយ ក្រៅពីនោះគឺពលរដ្ឋអារ៉ាប់រួម ជាអ្នកឈរឈ្មោះឲ្យក្រុមហ៊ុនទាំងអស់ ហើយអាចឈរតំណាងឲ្យក្រុមហ៊ុនច្រើនក៏បាន និយាយមួយបែបថា “អង្គុយចាំយកលុយពីភាគហ៊ុន”។
បុរសៗមានសំណាងអាចយកប្រពន្ធដល់ទៅបួន តែត្រូវមានលុយ មានពេលវេលា និងមានកំលាំងគ្រប់គ្រាន់ដើម្បីចែករំលែកឲ្យស្មើៗគ្នា (មានន័យថា ឲ្យមួយៗស្មើគ្នា ឬពីរៗស្មើគ្នា)។ បុរសៗនៅឌូបៃបាននិយាយថាអ្នកដែលអាចមានប្រពន្ធ៤ ទាល់តែអ្នកមាន អ្នកក្រមិនអាចធ្វើបានឡើយ។
ចំណែកឯនារីវិញ ពុំមានសិទ្ធិយកប្តីលើសពីមួយទេ តែមានសំណាងត្រង់បុរសជាប្តីជាអ្នករកស៊ីចិញ្ចឹម ហេតុ ដូច្នេះហើយបានជានៅតាមទីផ្សារលក់ដូរ នៅតាមដងផ្លូវ នារីបាត់អស់ ឃើញតែបុរសជាអ្នកលក់ដូរទៅវិញ។
ក្នុងបេសកកម្មបីថ្ងៃនៅទីនេះ ខ្ញុំសង្កេតឃើញពលរដ្ឋអាស៊ីយើងច្រើនណាស់មកបម្រើការនៅទីក្រុងឌូបៃនិងអាប៊ូដាប៊ី ភាគច្រើនជាជនជាតិហ្វីលីពីន និងវៀតណាម ។
ដោយឡែកសម្រាប់ពលរដ្ឋខ្មែរដែលមកប្រទេសនេះ គួរកុំរំពឹងទិញសម្លៀកបំពាក់ឬរបស់ប្រើប្រាស់អី ព្រោះតម្លៃលក់និងការចាយវាយទូទៅភាគច្រើនសម្រាប់អ្នកមាន លើកលែងតែមកក្នងក្របខ័ណ្ឌបេសកម្ម ឬត្រូវបានគេប៉ាវ (ចេញលុយឲ្យ)។ ដូចនេះមិត្តភ័ក្រ្តទាំងឡាយដែលរង់ចាំកាដូ សូមកុំអាក់អន់ស្រពន់ចិត្តអី ៕