ព័ត៌មានជាតិ

ប៉េឡារ៉ុស នឹងបង្កើនការវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ លោក Vladimir Goshin ឯកអគ្គរដ្ឋទូតប៉េឡារ៉ុស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅវៀតណាត បានថ្លែងថា ប៉េឡារ៉ុសនឹងស្វែងរក ឱកាសបង្កើននូវការវិនិយោគនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច ប្រទេសទាំងពីរ មានភាពរីកចម្រើនទៅមុខបន្ដទៀត។

ក្នុងជំនួបពិភាក្សាងារងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក Vladimir Goshin ចាត់ទុកកម្ពុជាមានសារៈសំខាន់ លើទិដ្ឋភាព នយោបាយ សេដ្ឋកិច្ច ជាពិសេសកម្ពុជានៅក្នុងសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍។

លោកយល់ឃើញថា ប៉េឡារ៉ុស-កម្ពុជា ត្រូវបន្ដពង្រីកនិងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យជាច្រើន ជាពិសេស វិស័យសេដ្ឋកិច្ច។

លោកមានប្រសាសន៍ថា «ប៉េឡារ៉ុស គឺជាប្រទេសមួយ ដែលមានភាពល្បីល្បាញផ្នែកឧស្សាហកម្មគ្រឿងយន្ដធ្ងន់ៗ ដែលមួយភាគបី នៃឧស្សាហកម្មផលិតផលគ្រឿងយន្ដធ្ងន់ៗ ដូចជា រថយន្ដធំៗ រថយន្ដកាម៉ាស់ ជាដើម បានគ្របដណ្ដប់ លើកទីផ្សារសកលលោក ។ នេះជាមូលហេតុមួយដែលជំរុញឲ្យដំណើរទស្សនកិច្ច របស់ឯកឧត្តម នៅកម្ពុជា ដើម្បីធ្វើយ៉ាងណាជួបជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកឱកាសបង្កើននូវការវិនិយោគ នៅក្នុងប្រទេសកម្ពុជា»។

លោករំលឹកថា បច្ចុប្បន្នប៉េឡារ៉ុស មានរោងចក្រផលិតនូវគ្រឿងយន្ដធ្ងន់ៗ នៅវៀតណាមដែលផ្ដោតលើទីផ្សារ ក្នុងតំបន់អាស៊ាន។ លោកនឹងស្វែងរកឱកាសវិនិយោគពង្រីកបន្ថែមទៀត នៅបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង អំណគុណចំពោះ ប៉េឡារ៉ុស ដែលមានបំណងស្វែងរកការវិនិយោគនៅប្រទេសកម្ពុជា។សម្ដេចគាំទ្រ ក្នុងការស្វែងរកឱកាសវិនិយោគនេះ ។ សម្ដេចចាត់ទុក ប៉េឡារ៉ុស ជាមិត្តចាស់របស់កម្ពុជា ដែលចាំបាច់បន្ដពង្រឹងពង្រីកទំនាក់ទំនង។

បន្ថែមពីនេះ សម្ដេច ស្នើឲប៉េឡារ៉ុស ពិនិត្យលទ្ធភាពបង្កើន នូវកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប៉េឡារ៉ុស នៅលើវិស័យនគរបាលជាតិផងដែរ។

ជាការឆ្លើយតប លោក  Vladimir Goshin បានឯកភាពចំពោះការលើកឡើងរបស់សម្ដេច ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយក្រសួងកិច្ចការផ្ទៃក្នុងប៉េឡារ៉ុស ហើយតាមរយៈការបង្កើតទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើវិស័យពាក់ព័ន្ធ ក្នុងការបង្កើតកិច្ចសហការជាក់ស្ដែង ដូចជា ការងារ ប្រយុទ្ធប្រឆាំងនៅឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ៕

ដោយ អេង ប៊ូឆេង

To Top