ភ្នំពេញ ៖ កម្ពុជាតែងតែអនុវត្តយ៉ាងល្អ ឥតខ្ចោះជាមួយការិយាល័យឧត្តមស្នងការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UN HCR) ដើម្បីកិច្ចសហប្រតិបត្តិការលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Giusepe de Vincentis អ្នកតំណាងថ្មីរបស់ UN HCR នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រំលឹកថា កម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួន ឆ្នាំ១៩៥១ ដូច្នេះមានភារកិច្ចក្នុងការទទួលពិនិត្យរាល់ជនទាំងឡាយណា ដែលទទួលរងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក៏ដូចជា ក្រោមហេតុផលនយោបាយ ឬជនដែលរត់គេចពីសង្គ្រាម ស្ថិតក្រោមលក្ខណ្ឌផ្សេងៗ ដូចមាន ចែងក្នុងអនុសញ្ញាឆ្នាំ១៩៥១។
សម្ដេចមានប្រសាសន៍ថា “ជាទូទៅកម្ពុជាតែងតែអនុវត្តយ៉ាងល្អប្រសើរដោយមានកិច្ចសហប្រតិបត្តិការជាមួយUNHCRលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន”។
លោក Giusepe de Vincentis បានកោតសរសើរកម្ពុជា ដែលនៅក្នុងតំបន់អាស៊ាន មិនមានប្រទេសច្រើនទេជារដ្ឋហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃរដ្ឋហត្ថលេខី។ លោកប្ដេជ្ញាបន្តជួយផ្ដល់ការគាំទ្រ និងចែករំលែកបទពិសោធន៍ផ្សេងៗជាមួយក្រសួងមហាផ្ទៃ និងអង្គភាពជំនាញរបស់ក្រសួង ដើម្បីឲ្យការងារនេះកាន់តែទទួលបានជោគជ័យ ពិសេសការកសាងសមត្ថភាពមន្ត្រី និងការងារផ្សេងទៀតដែលក្រសួងមានតម្រូវការចាំបាច់ក្នុងការស្នើសុំUNHCRជួយ។
លោកបញ្ជាក់ បញ្ហាជនភៀសខ្លួននៅក្នុងបរិបទបច្ចុប្បន្ននេះកាន់តែមានភាពស្មុគស្មាញ ដោយតួលេខចុងក្រោយមាន ប្រមាណ៧០លាននាក់លើពិភពលោក ហើយមូលហេតុគឺដោយសារកត្តាសង្គ្រាម សេដ្ឋកិច្ច និងបញ្ហាផ្សេងទៀត ដោយបញ្ហាអស់ទាំងនេះUNHCRកំពុងខិតខំដោះស្រាយ ៕
ដោយ អេង ប៊ូឆេង