ព័ត៌មានជាតិ

​ប.ស.ស. បើកកិច្ចប្រជុំ ពិគ្រោះយោបល់ ត្រីភាគី លើកទី៦ លើសេចក្តីព្រាង អនុក្រឹត្យ “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន”

ភ្នំពេញ៖ ខ្លឹមសារនៃកិច្ចប្រជុំ ពិគ្រោះយោបល់ លើកទី៦ ស្តីពីសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែល​ស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដែលមានការចូលរួម ពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព សរុបប្រមាណ១០០នាក់ ក្រោមអធិបតីភាព​ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ​។

សេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ រួមមាន១០ជំពូក និង៤១មាត្រា ដោយបែងចែកជា ៤ (បួន) ភាគ សំខាន់ៗ។ ភាគទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ កំណត់ក្នុងជំពូកទី១ មាន ៤ (បួន) មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤ ចែងអំពី គោលបំណង គោលដៅ វិសាលភាព និងនិយមន័យ ភាគទី២ ចែងអំពីបញ្ញត្តិប្រតិបត្តិ ដែលរួមមាន ៧ ជំពូក (ជំពូកទី២ ដល់ ជំពូកទី៨) មាន ៣៣មាត្រាសំខាន់ៗ (គិតចាប់ពីមាត្រា៥ ដល់មាត្រា៣៧) ដោយជំពូកទី២ ចែងអំពីស្ថាប័នមានសមត្ថកិច្ច ជំពូកទី៣ ចែងអំពីលក្ខខណ្ឌ និងនីតិវិធីនៃការ ចុះបញ្ជីក្នុងរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទាន ជាកាតព្វកិច្ច ជំពូកទី៤ ចែងអំពីអត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច ជំពូកទី៥ ចែងអំពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងផ្តល់តាវកាលិក ក្នុងរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទាន ជាកាតព្វកិច្ច ជំពូកទី៦ ចែងអំពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរបបភាគទាន ដោយស្ម័គ្រចិត្ត ជំពូកទី៧ ចែងអំពីសហវិធាន និងជំពូកទី៨ ចែងអំពីទោសប្បញ្ញត្តិ ភាគទី៣ ចែងអំពីអន្តរប្បញ្ញត្តិ កំណត់ក្នុងជំពូកទី ៩ មាន ៣(បី) មាត្រា គិតចាប់ពីមាត្រា៣៨, មាត្រា៣៩ និងមាត្រា៤០ និងភាគទី៤ ចែងអំពីអវសានប្បញ្ញត្តិ កំណត់ក្នុងជំពូកទី ១០ មាន ១ (មួយ) មាត្រា គឺមាត្រា៤១។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីប្រមូលធាតុចូលសំខាន់ៗ បន្ថែមទៀត ឲ្យកាន់តែមានលក្ខណៈ ទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងល្អប្រសើរឡើង មុនដាក់ជូន ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

To Top