ភ្នំពេញ ៖ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍ តំបន់ការពារធម្មជាតិ និងអ្នកស្រឡាញ់ធនធានធម្មជាតិ បរិស្ថាន ចំនួន៥០០នាក់ នឹងចូលរួមកម្មវិធីបោះតង់ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខ នៅទីស្នាក់ការព្រះអាទិត្យ នៃដែនជម្រកសត្វព្រៃ-ព្រៃឡង់ភូមិសាស្ត្រ ខេត្តកំពង់ធំ។
កម្មវិធីបោះតង់ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ ធ្វើឡើងក្រោមប្រធានបទ «ថ្ងៃនៃក្តីស្រឡាញ់ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» ឬហៅថា Valentine’s Prey Lang ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជា ជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃ-ព្រៃឡង់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជានាំពាក្យក្រសួង បរិស្ថាន បានសរសេរនៅគ្រុបតេឡេក្រាមអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ថា «ក្រសួងបរិស្ថាន សូមអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាល សហគមន៍មូលដ្ឋាននានា ចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើង មានឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀត»។
លោកបន្ដថា ក្នុងកម្មវិធីនេះនឹងមាន ការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវ:ចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៃតំបន់ព្រៃឡង់ដល់អ្នកចូលរួម ។ គោលបំណង នៃការរៀបចំកម្មវិធី បោះតង់បរិស្ថាន ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងចំណោម ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ដើម្បីជំរុញឲ្យមានការ ចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
លោកបន្ថែមថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឲ្យកម្ពុជា មានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាព បរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា ។
គួរបញ្ជាក់ថា ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលបង្កើត ជាដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៅឆ្នាំ២០១៦ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ៖ទី១-ខេត្តស្ទឹងត្រែង ,ទី២-ព្រះវិហារ ,ទី៣-កំពង់ធំ និងទី៤-ក្រចេះ។កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភរិក្សធនធានធម្មជាតិ នៅក្នុងដែន ជម្រកសត្វព្រៃ ដ៏មានសារ:សំខាន់នេះ៕
ដោយ ៖ អេង ប៊ូឆេង