ព័ត៌មានជាតិ

លោក គួច ចំរើន ៖ ទេសចរ ២០នាក់ ក្នុងចំណោមភ្ញៀវសរុប មានសុខភាពមិនប្រក្រតី (វីដេអូ)

សកម្មភាពនាវា MS westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ

សកម្មភាពនាវា MS westerdam ចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ

Posted by Dap_News_Website on Wednesday, 12 February 2020

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការសុំចុះចតនាវា MS westerdam របស់អាមេរិក នៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ គឺមានអ្នកទេសចរណ៍បរទេស២០នាក់ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។

លោក គួច ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “២០នាក់នេះ មិនទាន់អាចបញ្ជាក់ យ៉ាងម៉េចនៅឡើយទេ ។ ២០នាក់ មានបញ្ហាមិនប្រក្រតីដូចជាឈឺក្រពះ។ ពួកគាត់មានសុខភាពមិនល្អ មិនមែនមានសញ្ញា នៃកូរ៉ូណាទេ តែគឺពួកគាត់មានសុខភាពមិនប្រក្រតី” ។

លោកថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកនៅលើវានានេះ បានដាក់សង្ស័យហើយ គឺរដ្ឋមន្រ្តីពាក់ព័ន្ធ បានបញ្ជូនក្រុមគ្រូពេទ្យខ្មែរ ឲ្យឡើងទៅលើនាវា ដើម្បីយកសំណាកពួកគាត់ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាល ទៅរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាល អន្តោប្រវេសន៍មួយចំនួនដែរ។

លោកអភិបាលខេត្តរៀបរាប់បន្តថា តាមគម្រោងមិនមានអ្នកណា ស្នាក់នៅព្រះសីហនុទេ ។ អ្នកនៅលើកប៉ាល់មិនចុះទាំងអស់ទេ ចុះតែទេសចរណ៍មួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា៥០០នាក់ ។

បើតាម លោក គួច ចំរើន តាមស្ថិតិមិនមានជនជាតិចិនមកពីវូហានទេ មានតែចិនម្នាក់ជាអាណិកជនបរទេស ។

សូមបញ្ជាក់ថា អ្នកទេសចរបរទេស ធ្វើដំណើរតាមនាវារបស់អាមេរិក សរុបទាំងអស់២២០០នាក់ ក្រោយពីបានធ្វើដំណើរកំសាន្តមាន៥ប្រទេស បានបដិសេធមិនឲ្យចូលចត គឺមានតែកម្ពុជាប៉ុណ្ណោះ បានឲ្យចូលចតនៅព្រឹកនេះ៕

To Top