ព័ត៌មានជាតិ

WCS ៖ ក្រោយបញ្ឈប់ បូមខ្សាច់ នៅតំបន់ប្រព័ន្ធ ព្រែកស្រែអំបិល ធ្វើឲ្យកើនឡើង សំបុកអណ្តើកហ្លួង

ភ្នំពេញ ៖ លោក កែន សេរីរដ្ឋា នាយកអង្គការ សមាគមអភិរក្សាសត្វព្រៃ (WCS) បានថ្លែងថា ក្រោយបញ្ឈប់សកម្មភាព បូមខ្សាច់ និងដាក់ប្រព័ន្ធ ព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្ស បានធ្វើឲ្យមានការកើនឡើង នូវសំបុកអណ្តើកហ្លួង ដែលមានទីតាំងនៅស្រុកស្រែអំបិល ខេត្តកោះកុង ។ នេះជាសំដីរបស់លោក ក្នុងសេចក្ដីប្រកាស ព័ត៌មានរបស់ WCS ។

កាលពីឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល សម្រេចបញ្ឈប់រាល់សកម្មភាព បូមខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល ហើយកាលពីឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី ។

ត្រឹមខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកអភិរក្សមកពីសហគមន៍មូលដ្ឋាន រដ្ឋបាលជលផល និង WCS រកឃើញសំបុកសត្វអណ្តើកហ្លួង ឬអណ្តើកសរសៃចំនួន ៣សំបុក សរុបស្មើ ៥១ពង។ របកគំហើញ នៃការស្រាវជ្រាវបង្ហាញថា ចំនួនសំបុកនេះមានការកើនឡើង បើធៀបនឹង៤ឆ្នាំកន្លងមក ដែលមានតែ១សំបុកប៉ុណ្ណោះ ក្នុង១ឆ្នាំ។

លោក កែន សេរីរដ្ឋា មានប្រសាសន៍ថា «ប្រព័ន្ធព្រែកស្រែអំបិល គឺមានសារៈសំខាន់បំផុត សម្រាប់ការរស់រានរបស់អណ្ដើកហ្លួង ដោយប្រព័ន្ធព្រែកនេះ មានតំបន់ឆ្នេរខ្សាច់ ព្រៃលិចទឹក ព្រៃកោងកាង ដែលជាកន្លែងសម្រាប់ពួកវារកចំណី និងបន្ដពូជ»។

លោកបន្ដថា ការកើនឡើងចំនួនសំបុកនេះ ដោយសារមានការសហការល្អ រវាងរដ្ឋាភិបាល តាមរយៈការបញ្ឈប់ការធ្វើអាជីវកម្មខ្សាច់ និងដាក់ប្រព័ន្ធព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្ស សម្រាប់អណ្ដើកហ្លួងនាពេលកន្លងមក។ ក្នុងនោះ ការសហការរួមគ្នា ក្នុងការលែងអណ្ដើក ជំទង់ចំនួន៨៦ក្បាល នាពេលកន្លងមក ក៏បានរួមចំណែក ធ្វើឲ្យមានការកើនឡើង ចំនួនសំបុកនេះផងដែរ»។

សូមរំលឹកថា អណ្ដើកហ្លួង ត្រូវបានអង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ចាត់ទុកថា ជាប្រភេទសត្វកំពុង ទទួលរងគ្រោះជិតផុតពូជបំផុត និងស្ថិតក្នុងចំណោមអណ្ដើក ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើពិភពលោក ៕

ដោយ ៖ អេង ប៊ូឆេង

To Top