ភ្នំពេញ៖ លោក ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយកព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ នាថ្ងៃទី១២ ខែកុម្ភៈ បានប្រគល់សម្ភារៈការពារជម្ងឺវីរុស ដែលជាព្រះរាជអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានដល់ភាគីចិន តាមរយៈលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ នេះបើយោងតាម ហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា ។
ក្នុងពិធីប្រគល់នោះលោក ស្រី ណូរី មានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី ទ្រង់បានយកព្រះទ័យទុកដាក់ លើវឌ្ឍនភាពនៃស្ថានភាព ជម្ងឺវីរុសកូរ៉ូណាមួយនេះ ហើយទ្រង់បានសព្វព្រះរាជ ហឫទ័យចាត់តាំងរូបលោក ដើម្បីធ្វើការប្រគល់ម៉ាសការពារជម្ងឺវីរុស ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គ ជូនដល់ភាគីចិន។
លោកបន្ថែមថា ក្រៅពីនេះ ព្រះអង្គបានស្តេចយាងរៀបចំ ពិធីតាមបែបសាសនា ក្នុងព្រះបរមរាជវាំង ដើម្បីបួងសួងសុំសេចក្តីសុខ ដល់ប្រទេសចិនផងដែរ ហើយព្រះអង្គបានប្រោសព្រះរាជទាន ព្រះសព្ទសាធុការពរជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសមួយនេះ ដោយជោគជ័យ និងឆាប់រហ័សជូនដល់រដ្ឋាភិបាល និងប្រជាជនចិន។ លោកក៏បានប្រគល់ព្រះរាជទ្រព្យ និងសម្ភារៈដ៏ថ្លៃថ្លារបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី, និងរបស់ឯកឧត្តម និងសមាជិកគ្រួសាររបស់លោកផ្ទាល់ និងព្រមទាំងមន្ត្រីក្នុងព្រះបរមរាជវាំង តាមរយៈលោក Wang Wentian ផងដែរ។
ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្រោយពីមានការផ្ទុះឡើងនៃ ជម្ងឺប្រភេទនេះក្នុងប្រទេសចិន ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ស្ថិតជាមួយប្រជាជនចិន និងស្តេចយាងឆ្លងរាល់ទុក្ខលំបាក ជាមួយនឹងយើងទាំងអស់គ្នា នេះបានបង្ហាញពីមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅឥតឧបមា របស់សែរាជវង្សានុវង្សកម្ពុជា ជូនចំពោះប្រជាជនចិន យើងខ្ញុំទាំងអស់គ្នាសូមថ្លែង អំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងព្រមទាំងបញ្ជូនសម្ភារៈ និងថវិកាទាំងនេះទៅកាន់ប្រទេសចិន ក្នុងពេលឆាប់ៗនេះ ៕