ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការអឺរ៉ុប(EU) បានប្រកាសកាត់ពន្ធគ្រប់ប្រភេទ លើកលែងតែសព្វាវុធពីកម្ពុជា (EBA) ចំនួន២០% នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកពាក់ព័ន្ធបានធ្វើការបញ្ចេញទស្សនៈ មតិយោបល់ផ្សេងៗពីគ្នា ក្នុងន័យលើកទឹកចិត្តឲ្យកម្ពុជា ជំនះដើរទៅមុខបន្តទៀត ។
គណៈកម្មាធិការអឺរ៉ុប តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចេញនៅល្ងាចថ្ងៃទី១២ កុម្ភៈ បានឲ្យដឹងថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដារ របស់សហភាពអ៊ឺរ៉ុប នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលបានជ្រើសរើស និងរាល់ទំនិញ សម្រាប់ការធ្វើដំណើរនិងស្ករស។ ការដកនេះ មានចំនួនប្រហែលមួយភាគប្រាំ ឬ ១ ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប។ វិធានការនេះនឹងចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ។
តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក Josep Borrell មានប្រសាសន៍ថា“ រយៈពេលទំហំ និងផលប៉ះពាល់នៃការរំលោភរបស់កម្ពុជា ទៅលើសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពនៃការ បញ្ចេញមតិ និងសមាគម បានចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានជំរើសអ្វី ក្រៅពីការដកផ្នែកខ្លះ នៃការធ្វើពាណិជ្ជកម្មនេះ” ។ លោកថា ដើម្បីឲ្យប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនេះ ដូចដើមឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ ត្រូវចាត់វិធានការចាំបាច់ ទៅលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា EU កាត់ EBA ចំនួន២០% មិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាថមថយខ្លាំង ឬក៏ដួលរលំឡើយ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ កុម្ភៈ លោកបានបង្ហាញថា បន្ទាប់ពីមានការកាត់ពន្ធឥឡូវកម្ពុជា ត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃទំនិញនាំចេញសរុប ទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។
លោកថា “តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទ សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ” ។
សម្រាប់លោក អាត់ ធន់ ប្រធានសហជីពកម្មករកម្ពុជា បានហៅការដកនេះ មានចរិកលក្ខណៈទន់ភ្លន់ ដែលហាក់បីដូចជាមិនចង់ដកទៅវិញ ។
លោក អាត់ ធន់បន្តថា “នេះគឺជាការសម្រេចដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យអនុវត្តន៍កិច្ចព្រមព្រៀងអីក៏ដោយ ។ ប៉ុន្តែហាក់បីដូចជាទន់ភ្លន់ មានន័យថា គ្រាន់តែជាការដាក់ទេ យើងមើលជាទស្សន ដូចជាមិនចង់ដាក់ចឹង ប៉ុន្តែចង់ឲ្យមានការកែប្រែទៅវិញ ដូចជាចង់ទុកឱកាស ហើយយើងមើលឃើញការដកនោះ តែ២០ភាគរយទេ” ។
លោកថា បើរាជរដ្ឋាភិបាល ធ្វើតាមលក្ខខណ្ឌដែលសហភាពអឺរ៉ុប ធ្លាប់ស្នើទាក់ទង ជាមួយសិទ្ធិមនុស្សជាដើមបាន នោះកម្ពុជានឹងអាចទទួលបាន EBA ពីសហភាពអឺរ៉ុបមកវិញជាក់ជាពុំខាន។
ជាមួយគ្នានេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងដែរថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ មានប្រហែល២០%ពីកម្ពុជា យើងមានការសោកស្តាយព្រោះថា យើងទទួលបានគយថែរក្សា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋយើង។ ចំនួន២០%នេះ ស្មើប្រមាណជាង១០០០លាន បានបំរើដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ ក្នុងន័យ នេះបើយើងបាត់ ស្មើនឹងពលរដ្ឋយើងរាប់ម៉ឺននាក់ នឹងបាត់ការងារដែរ»។
ចំណែកលោក គង់ គាំ អ្នកនយោបាយជើងចាស់ របស់អតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សហភាពអឺរ៉ុបកាត់ EBA ត្រឹម២០% គឺបានទទួលរងផលប៉ះពាល់តិចតួច ឬទុកដូចជាធម្មតាបំផុត ។
លោកបានលើកឡើងក្នុងហ្វេសប៊ុកថា ការព្រួយបារម្ភក្រោយដក EBA កម្ពុជាត្រូវបង់ពន្ធ១០០% លើទំនិញដែលខ្លួន នាំចូលទៅសហភាពអឺរ៉ុប ប៉ុន្តែសេចក្តីសម្រេចជាក់ស្តែង របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ (ឲ្យទំនិញពីកម្ពុជានាំចូលទៅអឺរ៉ុប ប្រមាណ៨០%រួចពន្ធ គឺមិនបង់ពន្ធដដែល)។ ចំពោះទំនិញប្រមាណ២០% ដែលតម្រូវឲ្យបង់ពន្ធ (ជាផលិតផលកាត់ដេរ ជាស្បែកជើង ជាសម្ភារៈធ្វើដំណើរ និងស្ករ)។
លោកថា “ការបង់ពន្ធប៉ុននេះ ចំពោះរាជរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគ ផលិតករ កម្មករ និងអ្នកទិញដែលរងផលប៉ះពាល់ គឺតិចតួច ឬទុកដូចជាធម្មតាបំផុត” ។
លោកបង្ហាញថា កម្ពុជាមានការជឿជាក់ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅតែបន្តភាពជាដៃគូ ជួយឲ្យរាជរដ្ឋាភិបាលបង្កើនសមត្ថភាព និងបំពេញគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សមស្របឆ្ពោះទៅឆ្នាំ២០៣០ ដែលកម្ពុជាអាចឈានទៅ សម្រេចគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ។
សូមបញ្ជាក់ថា ការសម្រេចដកអនុគ្រោះពន្ធពីកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្តែងការសោកស្តាយ ។ ក្រសួងការបរទេសខ្មែរ ចេញផ្សាយកាលពីយប់ថ្ងៃ១២ កុម្ភៈ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា “នេះជាការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ ដូចបានចែងក្នុងបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុស អំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់ តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធី ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា” ។
រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ ក្នុងការបដិសេធរាល់ការប៉ុនប៉ង ដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេស ក្នុងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕