ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា បើសិនរកឃើញអ្នកទេសចរណាម្នាក់ មានផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅលើនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ MS Westerdam ក៏សម្តេចនៅតែទទួលស្វាគមន៍ ពួកគេ ដើម្បីយកមកព្យាបាល ដោយគ្មានការរើសអើងអ្វីឡើយ ។
អ្វីកាន់តែជាពិសេស សម្រាប់ទឹកមនុស្សធម៌ របស់សម្តេចតេជោ ក្នុងការកាយវិការអាណិតអាសូរ ដល់អ្នកទេសចរទាំងនោះ គឺសម្តេចក៏បានអះអាងទៀតថា បើសម្តេចស្វាគមន៍ ពួកគេ ហើយជួបគ្រោះក៏សាកសម នឹងការពលីរបស់សម្តេចផងដែរ ក្នុងសកម្មភាពមនុស្សធម៌ ។
នាវាដឹកអ្នកទេសចរដ៏ធំមួយគ្រឿងនេះ មានផ្ទុកភ្ញៀវចម្រុះជាតិសាសន៍៤១សញ្ជាតិ មានចំនួន ២,២៥៧នាក់ ក្នុងនោះអ្នកទេសចរ ចំនួន១៤៥៥នាក់ និងបុគ្គលិកបម្រើការងារ ៨០២នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយនាវានេះបានស្នើសុំចុះចត នៅតាមប្រទេស និងកោះចំនួន៦ តែត្រូវបដិសេធ អស់រយៈពេល១២ថ្ងៃ ដោយសារភ័យខ្លាចមានអ្នកដំណើរ មានផ្ទុកមេរោគកូរូណាថ្មី ។
នាវាយក្សនេះ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃ១ កុម្ភៈ ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) មិនអនុញ្ញាតឲ្យចូលចតឡើយ ។
ភ្ញៀវទេសបរទេស ក្នុងចំណោម១៤៥៥នាក់ គឺមានជាង១០០នាក់ ធ្វើដំណើរចាក់ចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅប្រទេសកំណើត របស់ពួកគាត់វិញនៅថ្ងៃ១៣ កុម្ភៈនេះផងដែរ។ ចំណែកអ្នកនៅសេសសល់ ត្រូវបានសម្តេចអះអាងថា អាចជាប្រើរយៈពេលជាង១សប្តាហ៍ ដើម្បីរៀបចំសំណុំឯកសារផ្សេង ដើម្បីឲ្យពួកគេទៅប្រទេសរៀងៗខ្លួនវិញ។
ក្នុងសន្និសីទសារព័ត៌មានជុំវិញនាវា MS Westerdam នៅព្រឹកថ្ងៃ១៤ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីសារដែលសម្ដេច ធ្លាប់បានលើកឡើង នាពេលកន្លងមកថា ការភ័យខ្លាចមិនមែន ជាជំងឺកូរូណាប្រភេទថ្មីទេ តែជាជំងឺភ័យខ្លាចទៅវិញទេ ព្រោះរហូតមកដល់ពេលនេះ ជំងឺកូរូណាមិនទាន់ឆ្លង ដល់ពលរដ្ឋកម្ពុជាទេ គ្រាន់តែឆ្លងលើជនជាតិចិនម្នាក់ ដែលមកនៅស្នាក់នៅកម្ពុជា ហើយក៏បានព្យាបាលជាសះស្បើយរួចហើយដែរ។
សម្ដេចតេជោមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែលើកហេតុផលមួយ ដើម្បីជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រាបថា ប្រសិនបើកម្ពុជា មិនទទួលទេ សួរថា អ្នកទាំងនេះដែលរស់ នៅក្នុងនាវាជាង២០០០នាក់ តើពួកគេទៅទីណា? នេះនិយាយអំពីការភ័យខ្លាច កូរូណា។ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេងពីអ្នកដ៏ទៃ ឬប្រទេសដ៏ទៃ អាចយល់ ដាក់ចេញ ឬចោទជាសំនួរថា ចុះបើមានជំងឺកូរូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាតឲ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន” ។
សម្ដេចនាយករដ្ឋមន្រ្តីបន្ដថា “មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើនាវានេះ បន្ទាប់មកទៅសាកសព តើត្រូវទំលាក់ចោលក្នុងទឹកសមុទ្រ ឬក៏ទុកនៅលើនាវានេះ? នេះជាបញ្ហាដែលត្រូវឃើញអំពីទទួលខុសត្រូវ របស់ពិភពលោក ក៏ដូចជា ការទទួលខុសត្រូវរបស់យើង ក្នុងឋានៈជាសមាជិក នៃសហគមន៍អន្ដរជាតិ ដែលទទួលខុសត្រូវ” ។
សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ក៏ដូចជា សហគមន៍អន្ដរជាតិថា ពេលនេះមិនមែនជាពេលភ័យខ្លាច មិនមែនជាពេលត្រូវការរើសអើងទេ តែជាពេលវេលាត្រូវរួមគ្នាដោះស្រាយបញ្ហា ប្រឈមមនុស្សនៅលើនាវា ខណៈប្រទេសជាច្រើនបានជួបប្រទះបញ្ហាទាំងនេះ ។
សម្ដេចតេជោរៀបរាប់ថា “ប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋ នៃបណ្ដាប្រទេស រហូតដល់៤១សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សាកសមពលីកម្ម ដែលខ្ញុំធ្វើ ដើម្បីមនុស្សជាតិផងដែរ ។ តើឲ្យយើងនិយាយការគោរពសិទ្ធិមនុស្សអ្វីទៅ? ប្រសិនបើសិទ្ធិរស់រានមាន ជីវិតមិនត្រូវបានគោរពផងនោះ ។ កម្ពុជាយកការទទួលខុសត្រូវមួយ ទៅលើបញ្ហាគោរពសិទ្ធិមនុស្សជាចំបង” ។
បន្ថែមលើបញ្ហាសិទ្ធិមនុស្សសម្ដេចបន្ដថា ដំបូងបំផុតត្រូវគោរពសិទ្ធិមនុស្សជាង២០០០នាក់នៅលើនាវានេះសិន ព្រោះកម្ពុជាបានធ្វើកិច្ចការទាក់ទងនឹងដំណើរការគោរពសិទ្ធិមនុស្ស។
នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ចំពោះពលរដ្ឋកម្ពុជាដែលបានលើកទឹកចិត្តគាំទ្រលើការ សម្រេចចិត្តរបស់សម្ដេច ក្នុងការឲ្យនាវានេះចូលមកកាន់ទឹកដីកម្ពុជា។ សម្ដេចថា ការឲ្យនាវានេះចូលចត បានធ្វើពលរដ្ឋ៤១សញ្ជាជាតិ ត្រឡប់ទៅប្រទេសដើមវិញ ដើម្បីជួបជុំក្រុមគ្រួសារ ។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានបើកឱកាសឲ្យអ្នកនៅលើនាវា ចាកចេញធ្វើដំណើរកម្សាន្ដនៅខេត្តព្រះសីហនុ និងកន្លែងផ្សេងៗទៀត ហើយនឹងបង្កលក្ខណៈងាយស្រួល ដើម្បីពួកគាត់ដើរកម្សាន្ដយ៉ាងសប្បាយរីករាយ នៅកម្ពុជាទាំងមូលផងដែរ ។ ជាពិសេស ម្ចាស់សណ្ឋាគារ និងអ្នកលក់ដូរ នៅខេត្តព្រះសីហនុ និងបណ្ដាខេត្តផ្សេងៗទៀត មិនត្រូវរើសអើងពួកគាត់ឡើយ ។
នាយករដ្ឋមន្ដ្រីកម្ពុជាសង្ឃឹមថា ពលរដ្ឋខ្មែរនឹងទទួលយកការទទួលខុសត្រូវណាមួយ ក្នុងឋានៈជាអ្នកបានចូលរួមចំណែក ដើម្បីលើកស្ទួយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។
ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ លើកឡើងទៀតថា កម្ពុជាបន្ដចូលរួមជាមួយ សហគមន៍អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលកម្ពុជាអាចធ្វើទៅបាន ដូចករណី មនុស្សនៅលើនាវានេះ ៕ ដោយ អេង ប៊ូឆេង