ព័ត៌មានជាតិ

មន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ ៖ រថយន្ដដឹកលើសទម្ងង់ គេចស្ថានីយថ្លឹង ចូលផ្លូវជនបទ ធ្វើឲ្យខូចខាតផ្លូវ (វីដេអូ)

រថយន្ដដឹកលើសទម្ងង់ គេចស្ថានីយថ្លឹង ចូលផ្លូវជនបទ ធ្វើឲ្យខូចខាតផ្លូវ

មន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ៖ រថយន្ដដឹកលើសទម្ងង់ គេចស្ថានីយថ្លឹង ចូលផ្លូវជនបទ ធ្វើឲ្យខូចខាតផ្លូវhttps://www.dap-news.com/national/2020/02/17/33752/

Posted by Dap_News_Website on Monday, February 17, 2020

ភ្នំពេញ ៖ លោក ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង អភិវឌ្ឍន៍ជនបទ បានសង្កេតឃើញថា នៅលើផ្លូវជាតិ និងផ្លូវខេត្ត មានស្ថានីយជញ្ជីងថ្លឹងរថយន្ដ ដើម្បីទប់ស្កាត់រថយន្ដដឹកលើសទម្ងន់ ប៉ុន្តែមានម្ចាស់រថយន្ដ ដឹកលើសទម្ងន់មួយចំនួន គេចពីស្ថានីយថ្លឹងមកចូលផ្លូវជនបទ ធ្វើឲ្យខូចខាត់ផ្លូវជាខ្លាំង។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព និងវិឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០លោក ចាន់ ដារ៉ុនមានប្រសាសន៍ថា «សព្វថ្ងៃនេះ នៅក្នុងអនុក្រឹត្យកំណត់ការដឹកជញ្ជូនអត់មានសមត្ថកិច្ចក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមក្នុងការអនុវត្តលើវិធានការ ទប់ស្កាត់រថយន្ដ ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជនបទទេ អត់មានទេ។សព្វថ្ងៃនេះគឺយើង ពិនិត្យឃើញថា នៅលើផ្លូវជាតិ ផ្លូវខេត្តមួយចំនួន គឺមានដាក់ជញ្ជីងថ្លឹង ដើម្បីទប់ស្កាត់ ចឹងយើងឃើញថា អ្នករកទទួលទានក្នុងការដឹកជញ្ជូននេះ គាត់ដឹកសំពេញសំពោងពេលខ្លះគាត់គេច ឬក៏យ៉ាងម៉េច? ចូលទៅក្នុងផ្លូវជនបទហ្នឹង ហើយធ្វើឲ្យផ្លូវជនបទយើងហ្នឹង មានការខូចខាត»។

លោកបន្ដថា «យើងមើលផ្លូវក្រាលក្រួលក្រហម ទប់ជាមួយឡានយ៉ាងម៉េចបាន? ដឹងប៉ុណ្ណា ប៉ុណ្ណី។ ចឹងយើងគិតថា គួរតែមានសិទ្ធិមានសមត្ថកិច្ចចូលរួមក្នុងការទប់ស្កាត់ ក្នុងការដឹកជញ្ជូនលើសកម្រិតកំណត់ នៅលើផ្លូវជនបទរបស់យើង ។ចឹងហើយ បានយើងមានទិសដៅថា យើងនឹង សម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹងជញ្ជូន ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព អនុក្រឹត្យនេះកែសម្រួលក្នុងប្រការណាមួយ យ៉ាងម៉េច? ដើម្បីឲ្យក្រសួងអភិវឌ្ឍន៍ជនបទ មានលទ្ធភាពចូលរួមចំណែក»។

បន្ថែមពីនេះ រដ្ឋលេខាធិការ លើកឡើងទៀតថា អនុក្រឹត្យ លេខ ១៩៧ ស្ដីពី ការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង រីឯផ្លូវខេត្ត និងផ្លូវជនបទ មិនមាននៅក្នុងអនុក្រឹត្យឡើយ។

រដ្ឋលេខាធិការថា ក្រសួងបន្ដសហការជាមួយក្រសួងសាធារណៈការ ដើម្បីកែសម្រួលចំណុចណាមួយ ឲ្យមានការបង្ហាញច្បាស់លាស់ តើដីចំណីផ្លូវខេត្តប៉ុណ្ណា? ដីចំណីផ្លូវជនបទប៉ុណ្ណា? ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាមុន កុំឲ្យពួកគាត់ធ្វើការសាង់សង និងប្រើប្រាស់ចំណីផ្លូវ មានផលប៉ះពាល់ ពីព្រោះថ្ងៃអនាគត ក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងពង្រីកផ្លូវ កុំឲ្យមានផលប៉ះពាល់ ក្នុងដោះស្រាយជាមួយពលរដ្ឋ។

រដ្ឋលេខាធិការពន្យល់ថា ផ្លូវជនបទជា ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងភូមិ។ សព្វថ្ងៃនេះផ្លូវជនបទ ក៏មាន ក្រាលក្រួលក្រហម ក្រាសកៅស៊ូពីជាន់ និងផ្លូវបេតុង។រហូតដល់ពេលនេះ មានផ្លូវជនបទ មានប្រវែង ៤៦១៥១គីឡូម៉ែត្រ ក៏ប៉ុន្ដែផ្លូវដែល ក្រាលគ្រួសនិងបេតុង ប្រមាណជា ៣,៥ភាគរយទេ។

បើតាមលោក ចាន់ ដារ៉ុន ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរដឹងកាន់តែច្បាស់ សមត្ថកិច្ចទទួលខុសត្រូវ ផ្លូវ-ថ្នូល នៅកម្ពុជា ជាអ្នកទទួលខុសត្រូវ រួមមាន ៖ទី១-ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងទី២-ក្រសួងអភិវឌ្ឍន៍ជនបទ៕

ដោយ ៖ អេង ប៊ូឆេង

To Top