ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅវៀតណាមខាងត្បូងបានផ្ទុះឡើងវិញ នូវជំងឺគ្រុនផ្ដាសាយបក្សី ដូច្នេះប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុខភាព ដោយសារតែបញ្ហា ប្រែប្រួលអាកាសធាតុ ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំទទួលព័ត៌មានថា ជំងឺគ្រុនផ្តាសាយបក្សី នៅរៀតណាមចាប់ផ្ដើមផ្ទុះ នៅភាគខាងត្បូងតែម្ដង។ ចឹងទេ ត្រូវចាប់យកវិធានការ ប្រយ័ត្នប្រយែង ចឹងបានថា រឿងបញ្ហាជំងឺនេះ វាទៅ វាមក អំពីការបញ្ហាប្រែប្រួលអាកាសធាតុ ហ្នឹងឯង»។
សម្ដេចរំលឹកថា កាលពីប៉ុន្មានខែមុន មានករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅកម្ពុជា ហើយមានមនុស្សមួយចំនួនចោទប្រកាន់ថា មកពីកម្ពុជានាំជ្រូកចូលពីវៀតណាមទើបធ្វើឲ្យមានជំងឺនេះ។ សម្ដេចបន្តថា ការប្រែប្រួលអាកាសធាតុនេះ បានធ្វើឲ្យវៀតណាមសម្លាប់ជ្រូករាប់ម៉ឺនក្បាល។ សម្ដេចថា ជំងឺនៅលើពិភពលោកមានច្រើនប្រភេទ ដូច្នេះជំងឺវិរុស កូរូណា មិនមែនជារឿងថ្មីឡើយ អ្វីដែលថ្មីនោះ «រឿងភ័យខ្លាច និងការរើសអើង»។
សម្ដេចរំលឹកទៀតថា កាលពីកម្ពុជាធ្វើជាប្រធានអាស៊ាន កម្ពុជាស្នើឲ្យមានការកោះប្រជុំបន្ទាន់នូវកិច្ចប្រជុំអាស៊ាន-ចិន ធ្វើឡើងនៅប្រទេសថៃ ហើយថៃធ្វើម្ចាស់ផ្ទះ កម្ពុជាធ្វើជាប្រធានអង្គប្រជុំ ពេលនោះ កម្ពុជាដាក់ចេញវិធានការ ដូចជា «បើប្រទេសណារកឃើញជំងឺ ប្រទេសនោះព្យាបាលឲ្យជា មុនពេលឲ្យគេត្រឡប់ទៅប្រទេសដើមវិញ»។
ឆ្លៀតឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា ដោយមានការពិនិត្យជាក់លាក់ នូវវិស័យកសិកម្មរបស់កម្ពុជា កំណើនសិកម្មស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ដូច្នេះត្រូវរិះរកវិធីបន្ថែមទៀត ៕
ដោយ ៖ អេង ប៊ូឆេង