ព័ត៌មានជាតិ

បារាំងថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យនាវា Westerdam ចូលចត នៅកំពង់ផែព្រះសីហនុ(មានវីដេអូ)

ភ្នំពេញ ៖ លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ដែលចំណុចនេះ ជាកាយវិការមួយដ៏ល្អ ខណៈបណ្ដាប្រទេសផ្សេងទៀត មិនអនុញ្ញាតឲ្យចូលចតឡើយ ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី Eva NGUYEN BINH មានប្រសាសន៍ថា «សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុញ្ញាតឲ្យនាវា Westerdam បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ចំណុចនេះជាកាយវិការមួយដ៏ល្អ ខណៈប្រទេសផ្សេងទៀតមិនអនុញ្ញាត ក្នុងនោះ ក៏មានជនជាតិបារាំងផងដែរ»។

សូមរំលឹកថា នាវាទេសចរ របស់អាមេរិកឈ្មោះ Westerdam បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈក្រោយទទួលបានការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ នាវាយក្សនេះ ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ កុម្ភៈ ។ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់ នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ដោយ ៖ អេង ប៊ូឆេង

To Top