ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា បញ្ហាការដកប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគញរប់ប្រភេទ លើកលែងតែអាវុថ (EBA) មិនមែនជារឿងដែលគួរឲ្យភ័យខ្លាចនោះទេ ប៉ុន្តែផ្ទុយទៅវិញរឿងដែលគួរឲ្យភ័យខ្លាចនោះ គឺជំងឺ COVID-19 ដែលកំពុងតែរីករាលដាលនៅប្រទេសមួយចំនួនក្នុងពិភពលោក ទៅវិញទេ ។
សម្រាប់វីរុស COVID-19 ឬកូរ៉ូណានេះ សម្តេចតេជោក៏បានសម្តែងការសាទរផងដែរ ដែលចិនបានរកឃើញឱសថម្យ៉ាងដែលអាចមានប្រសិទ្ធិក្នុងការព្យាបាល។
អាជ្ញាធរទីក្រុង TAIZHOU ប្រទេសចិន បានប្រកាសថា ឱសថឈ្មោះ FAVIPIRAVIR ឬ AVIGAN អាចមានប្រសិទ្ធភាពប្រឆាំងការឆ្លងរាលដាលនៃវីរុស COVID-19 ក្នុងនោះក៏ត្រូវបានអនុម័ត និងអនុញ្ញាតឲ្យចាប់ផ្ដើមផលិតកម្មចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ។ ឱសថនេះក៏ត្រូវបានអនុម័តជាផ្លូវការបញ្ចូលក្នុងបញ្ជីឱសថដែលអាចមានប្រសិទ្ធភាព ក្នុងការព្យាបាល ប្រឆាំងវីរុស COVID-19 ។
គិតមកត្រឹមថ្ងៃទី១៨ កុម្ភៈនេះ អ្នកស្លាប់សរុបដោយកូរ៉ូណាមានចំនួន១៨៦៨នាក់ ឆ្លង៧៣៣៤៨នាក់ និងជាសះស្បើយ១០ ៦១៥នាក់។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិតនៅព្រឹកថ្ងៃទី១៨ កុម្ភៈសម្តេចតេជោ បានមានប្រសាសន៍ថា សម្ដេចសប្បាយរីករាយ នៅពេលទទួលបានព័ត៌មានពីចិនប្រកាសរកឃើញឱសថដែល អាចព្យាបាលជំងឺ COVID-19 បាន តាមរយៈការប្រើប្រាស់ថ្នាំព្យាបាល ជំងឺគ្រុនចាញ់ ប្រសិនបើព័ត៌មាននេះជាការពិត ហើយព្យាបាលមនុស្សជា គឺសភាពការណ៍អាចនឹងរំលត់បានក្នុងរយៈពេលដ៏ខ្លី ។ សម្ដេចក៏បានថ្លែងអំណរគុណ រដ្ឋាភិបាលចិន ដែលបានជួយថែរក្សាយកចិត្តទុកដាក់ ចំពោះនិស្សិតកម្ពុជា រាប់ទាំងនិស្សិត ២៣នាក់ នៅតំបន់វូហាន ដែលពួកគេមានសុខភាពល្អ ។
ហាក់ឌឺទៅកាន់ក្រុមមនុស្សមួយចំនួនសម្ដេចគូសបញ្ជាក់ថា ប្រហែលជាដល់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២០ ទើបកម្ពុជាមានឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីនេះ ព្រោះសម្តេចថា តាំងពីផ្ទុះជំងឺនេះមក ពលរដ្ឋកម្ពុជាមិនទាន់មានអ្នកណាឆ្លងនៅឡើយទេ ។ សម្តេចថា មិននឹកស្មានមានជនអាក្រក់ បំភ្លៃព័ត៌មានថា និស្សិតនៅវូហានស្លាប់ម្នាក់ ថែមទាំងថា សម្ដេចឆ្លងជំងឺ COVID-19 ដែលនេះជារឿងអកុសល ។ សម្ដេចចោទសួរថា តើអ្នកធ្វើព័ត៌មានបំភ្លៃនេះ ទទួលបានផលប្រយោជន៍អ្វីខ្លះទៅ?
សម្ដេចតេជោ នាយករដ្ឋមន្ត្រីអះអាងថា «កាលពីថ្ងៃទី១០ ខ្ញុំបានថ្លែងពេលបើកការដ្ឋាន ស្ថាបនាផ្លូវជាតិលេខ២ និង២២ ថាប្រសិនបើមានការព្យួរ ឬបិទរោងចក្របណ្ដោះអាសន្នណាមួយ មិនមែនមកពីអា EBA នោះទេ អា EBA វាចូលជាធរមាន នៅខែសីហាឯណោះ ។ ហើយ EBA មិនមែនជារឿងភ័យខ្លាចរបស់កម្ពុជាទេ គឺអាកូរ៉ូណានេះទៅវិញទេ…ខ្មែរយើងអាចមានសំណាងពីរ ទី១.មួយចំនួនបានដឹកវត្ថុធាតុដើម មកស្តុកទុកមុនចូលឆ្នាំចិន ទី២.យើងអត់បានបិទផ្លូវហោះហើរ ជាមួយចិន ទាំងផ្លូវហោះហើរ និងផ្លូវទឹក ចឹងទេវត្ថុធាតុដើមអាចបញ្ជូនមកយើងបាន» ។
កាលពីថ្ងៃទី១២ កុម្ភៈ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០ភាគរយ នៅសល់៨០ភាគរយទៀត ប៉ុន្តែការព្យួរនេះ មិនទាន់ដំណើរការនៅឡើយទេ គឺអាចក្នុងអំឡុងខែសីហាខាងមុខនេះ។
ចំណុចនេះ សម្តេចថា ដូច្នេះបើគេតម្រូវឲ្យបង់ពន្ធ កម្ពុជាបង់ទៅវាជាការស្រេចទៅហើយ។
ពាក់ព័ន្ធភ្ញៀវទេសចរណ៍នៅលើនាវា Westerdamវិញសម្ដេចថា ថ្ងៃ១៨ កុម្ភៈនេះ ប្រមាណ៣០០នាក់ ត្រូវដឹកចេញពីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងឆ្ពោះទៅកាន់ជប៉ុន ហើយអាចមានយន្តហោះមួយគ្រឿង ដឹកចេញពីព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសណាមួយ ក្នុងតំបន់អាស៊ាន ។
សម្ដេចបន្តថា ប្រសិនបើកម្ពុជា មិនឲ្យនាវាអាមេរិកចូលចត មិនដឹងមកដល់ពេលនេះ ជោគវាសនានាវា និងមនុស្សជាង ២០០០នាក់ ជួបប្រទះរឿងអ្វីនោះទេ ដែលនេះជាវិបត្តិមនុស្សធម៌ ។ ពេលដែលសម្រេចចិត្តឲ្យចូលចត ភាគច្រើននៃប្រជាជនកម្ពុជាគាំទ្រ ដៃគូដែលជាមិត្តនៅក្រៅប្រទេស និងអង្គការអន្តរជាតិនានា ក៏បានប្រកាសគាំទ្រពីកាយវិការ មនុស្សធម៌របស់កម្ពុជា ហើយក៏មានមនុស្សមួយចំនួន ចាត់ទុកថានាំជំងឺចូលស្រុក ។ បញ្ហានេះសម្ដេចចោទសួរថា មកដល់ម៉ោងនេះ មានប្រជជនកម្ពុជា ណាម្នាក់ឆ្លងជំងឺ COVID-19 ហើយឬនៅ? តើទេសចរណ៍លើនាវា Westerdam ណាម្នាក់មានជំងឺនេះហើយឬនៅ? ។
សម្ដេចតេជោថ្លែងថា កម្ពុជាមានការទទួលខុសត្រូវចំពោះសុខុមាលភាពរបស់ប្រជាជន ហើយក៏ទទួលខុសត្រូវចំពោះអ្នកទេសចរលើនាវាដែលកម្ពុជា អនុញ្ញាតឲ្យចូលចតផងដែរ ។
ទន្ទឹមនឹងនេះដែរ រសៀលថ្ងៃនេះសម្ដេចតេជោ អនុញ្ញាតឲ្យប្រធាននាវា និងឯកអគ្គរដ្ឋទូតអាមេរិក ចូលជួបថ្លែងអំណរគុណដោយផ្ទាល់ ដែលកម្ពុជាសម្រេចឲ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ ។ សម្ដេចក៏បានកោតសរសើរ ចំពោះក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ គ្រូពេទ្យគ្រប់រូប ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត រាប់ទាំងអាកាសចរណ៍ស៊ីវិល អាជ្ញាធរខេត្តព្រះសីហនុ ភ្នំពេញ ដែលបានរួមចំណែកក្នុងការដោះស្រាយ វិបត្តិមនុស្សធម៌ លើបញ្ហានាវា Westerdam ។
សម្តេចតេជោនៅតែប្រកាសជំហរថា នៅតែមិនខ្លាចជំងឺនេះនោះទេ សំខាន់គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំង និងការពារ។ កម្ពុជាអនុញ្ញាតឲ្យនាវាយក្សចូលចតគឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ ។
ការអនុញ្ញាតឲ្យនាវាយក្សចូលចតនៅកម្ពុជា ត្រូវលោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រីថា នេះ ជាកាយវិការមួយដ៏ល្អ ខណៈបណ្ដាប្រទេសផ្សេងទៀតមិនអនុញ្ញាតឲ្យចូលចតឡើយ ក្នុងនោះ ក៏មានជនជាតិបារាំងផងដែរ ។
សូមរំលឹកថា នាវាទេសចរ របស់អាមេរិកឈ្មោះ Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ កុម្ភៈក្រោយទទួលបានការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ។ នាវាយក្សនេះ ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ កុម្ភៈ ។ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕
ដោយ៖ ខា ដា