ព័ត៌មានជាតិ

ទូតអាមេរិក ហៅកាយវិការសម្តេច តេជោជាមនុស្សធម៌ យ៉ាងពិតប្រាកដក្នុងការអនុញ្ញាត ឲ្យវានាអាមេរិកចូលចត

ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានហៅកាយវិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមនុស្សធម៌យ៉ាងពិតប្រាកដ ក្នុងការអនុញ្ញាតឲ្យ នាវាអាមេរិកចូលចត ខណៈ ប្រទេស និងកោះ៦មិន ទទួលឲ្យចូលចត។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកទូតបានមានប្រសាសន៍ថា “នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឲ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ ទន្ទឹមនឹងនោះ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់”។

លោកបញ្ជាក់ថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការជាមួយស្ថាប័នកម្ពុជា ជាពិសេសក្រសួង សុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួង សាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អ ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ។

លោកថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជា បន្តទៀត។

សម្រាប់សម្ដេចតេជោនាយករដ្ឋមន្ត្រីវិញបានថ្លែងថា អ្វីដែលកម្ពុជាធ្វើ ដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀតការងារដែលបានធ្វើនេះ ដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះប្រសិននាវា ទេសចរណ៍ Westerda នេះ មិនត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ។

សម្តេចតេជោថា ម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើង នៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានបញ្ជាក់ផងដែរថាកាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវា ទេសចរណ៍ Westerdam មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឲ្យចូលចតកាន់តែលឿនបំផុតទៀតផង ព្រោះដើម្បីធ្វើយ៉ាងណាជួយ សង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។

សម្ដេចតេជោបានមានប្រសាសន៍ថា អ្នកដំណើរតាមនាវា ភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី  និងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ 

ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕

To Top