ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះ កម្លាំងនគរបាល និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នាំគ្នាអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដោយបានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗ ក្នុងសង្គមកម្ពុជា។
ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃនៅថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “កម្លាំងនគរបាល ដោយមានកិច្ចសហការចូលរួម ពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងសង្គម កាន់តែមានប្រសិទ្ធភាពថែមទៀត”។
សម្ដេចក្រឡាហោមបន្ដថា ជាក់ស្ដែងទោះបីបទល្មើសព្រហ្មទណ្ឌ ឆ្នាំ២០១៩ កើនឡើងបន្ដិច (កើន៨%) ដោយសារការហូរចូលយ៉ាងគំហុក នៃជនបរទេសនាំមកជាមួយ នូវបទល្មើសដែលប្រព្រឹត្តឡើង ក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កម្លាំងនគរបាលជាតិបាន ប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩% នៃបទល្មើសដែលកើតមានឡើង ក៏មានអត្រាខ្ពស់ជាងឆ្នាំ២០១៨។
សម្ដេចបន្ថែមថា ព្រមជាមួយនេះ បទល្មើសមួយចំនួនដែលប៉ះពាល់ ដល់ចិត្តសាស្ដ្រសង្គមដូចជា លួច មានស្ថានទម្ងន់ រំលោភសម្លាប់ អំពើហិង្សាដោយចេតនា ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះ គួរឲ្យកត់សម្គាល់។
ឆ្លៀតឱកាសនោះ សម្ដេចលើកឡើងទៀតថា វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសង់ខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជា វិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែង អនុវត្តយ៉ាងសស្រាក់ស្រាំ គឺទទួលបានការគាំទ្រ និងការចូលរួមកាន់តែច្រើនពីសាធារណជន ៕
ដោយ៖ អេង ប៊ូឆេង