ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានជូនពរអ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជានាវឹកនិងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០ គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះ មកកាន់រាជធានីភ្នំពេញដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួន វិញតាមជើងហោះហើរពីទីក្រុងភ្នំពេញ។
សម្ដេច តេជោ ហ៊ុន សែន បានសរសេរ សារ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នារសៀល ទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ថា “គ្រប់អ្នកដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅនិងធ្វើតេស្តសុខភាពដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)”។
សម្ដេចបន្ដថា មិនតែប៉ុណ្ណោះ បុគ្គលិករបស់កប៉ាល់ទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បន្ថែមពីលើនេះ សម្ដេច តេជោ ហ៊ុន សែន លេីក ឡេីងថា
នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។
សម្ដេច បញ្ជាក់ថា កិច្ចការនេះប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះរសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតកប៉ាល់ក៏ជិតអស់ប្រេង។ សម្ដេច ថា “កម្ពុជាក្រនឹងតូចមែនពិត តែបេះដូងកម្ពុជាគឺធំទូលាយប្រកបដោយក្តីស្រឡាញ់និងសណ្តោសប្រណី”៕ដោយ អេង ប៊ូឆេង