ព័ត៌មានជាតិ

ស្ពានថ្មើរជើងខាងលិច ផ្សារដើមគរ សម្រេចលទ្ធផល ៨៥% ហើយគ្រោងបញ្ចប់ មុនថ្ងៃ៨ មីនា

ភ្នំពេញ៖ ស្ពានថ្មើរជើង ចំណុចខាងលិចផ្សារដើមគរដែល មានបណ្ដោយប្រវែង ២៧ម៉ែត និងទទឹងប្រវែង ៣ម៉ែត្រ ត្រូវបាន សម្រុកសាងសង់ទាំងយប់ ទាំងថ្ងៃបានតម្លើងតួស្ពាន រួចរាល់ នាយប់១៩កុម្ភៈនេះ ដោយសម្រេចបាន ៨៥%ហើយ ដោយតាមផែនការ នឹងសម្រេចឲ្យបានរួចរាល់ នៅមុនថ្ងៃទី៨ ខែមីនា ខាងមុខ ។

កាលពីរាត្រី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទីយប់ ដល់ម៉ោង ៦និង០០ព្រឹកថ្ងៃ២០ កុម្ភៈ ក្រុមការងារសាងសង់ បានស្ទូចតម្លើងគ្រោងដែក តួស្ពានរួចរាល់ ។

លោក ម៉េត មាសភក្តី បញ្ជាក់ថា ដើម្បីធានាបានសុវត្ថិភាព ចំពោះអ្នកដំណើរ ដោយការដ្ឋាន បានបិទចរាចរឆ្លងកាត់ ក្នុងរយៈពេលតម្លើង តម្រូវឲ្យប្រជាពលរដ្ឋ ពង្វាងចរាចរ នៅទីតាំងការដ្ឋាន ជាពិសេសជាការកាត់បន្ថយ ការកកស្ទះចរាចរ ខណៈថ្ងៃតំបន់នេះ ជាតំបន់មមាញឹកខ្លាំង ។

ស្ពានអាកាសថ្មើរជើងនេះ ស្ថិតនៅក្បែរផ្សារដើមគរ ឈាងខាងលិច ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ។

គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានអោយដឹងថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀប ចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុប ផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ផ្លូវ»។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ធ្នូកន្លងមកនេះ បានរៀបចំពិធីក្រុងពាលី ទៅតាមទំនៀមទំលាប់ តាមបែបសាសនា បញ្ចុះបឋមសិលាសាងសង់ ស្ពានអាកាសថ្មើរជើង នៅមុខផ្សារដើមគរ និងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក ដែលពិធីកាលណោះ បានធ្វើឡើង ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅចំណុចស្តុបសន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ក្នុងការបើកការដ្ឋានសាងសង់។

គម្រោងស្ថាបនា ស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ឡើង កាត់ទទឹងផ្លូវម៉ៅសេទុង ខាងលិចជាប់នឹងផ្សារដើមគរ ។ ចំណែកគម្រោងស្ថាបនា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋម សិក្សាសន្ធរម៉ុកវិញ ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វ ទាំង៤ទិសតែម្តង ពោលគឺត្រូវសាងសង់ កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិស ខាងណាក៏ដោយ។

គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខ ណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើគម្រោងស្ថាបនា​ ស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរ និងគម្រោងស្ថាបនា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញ រូចរាល់រាជធានីភ្នំពេញ និងមានស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈ ងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព៕ ដោយ៖ ដារាត់

ដោយ៖ ដារាត់

To Top